ភ្ញាក់ផ្អើល! សាឡាត់ ស្រីឡាង ទម្លាយបញ្ហាបំណុលមកពីរកស៊ីខាត និង ផ្ដាំផ្ញើកុំឱ្យឆាប់ទុកចិត្តមនុស្សពេក
និយាយពីជីវិតឯកជនរបស់តារាសម្ដែងស្រី សាឡាត់ ស្រីឡាង កាលពីមួយរយៈកន្លងទៅ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានចាប់អារម្មណ៍ភ្ញាក់ផ្អើលម្ដងរួចហើយ ខណៈបានឃើញតារាស្រីរូបនេះ ត្រូវបានគេទម្លាយទាក់ទងនឹងរឿងរ៉ាវជំពាក់បំណុល ដោយពេលនោះនាងក៏បានដោះស្រាយរួចរាល់ហើយដែរ។
ដោយឡែក ក្រោយពីបានចេញដោះស្រាយជុំវិញរឿងបំណុលស្ងប់ស្ងាត់មួយរយៈ មកដល់ថ្មីៗនេះ សាឡាត់ ស្រីឡាង ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ភ្ញាក់ផ្អើលជាថ្មី ខណៈបានឃើញនាងបង្ហោះសារលើហ្វេសប៊ុកទម្លាយរឿងរ៉ាវបញ្ហាបំណុលរបស់ខ្លួន ដែលទទួលស្គាល់ថាខ្លួនមានបញ្ហាមែនមួយរយៈនេះ គឺព្រោះតែនាងបើកហាងរកស៊ីខាត និង មានបញ្ហាផ្សេងទៀត។
ក្នុងនោះដែរ សាឡាត់ ស្រីឡាង ក៏បានបង្ហាញការអរគុណ និង សន្យាចំពោះម្ចាស់បំណុលថានឹងខំដោះស្រាយដោយមិនគេចវេសឡើយ គ្រាន់តែពេលនេះមានការយឺតយ៉ាវ ដែលនាងសុំពេលដើម្បីដោះស្រាយបំណុលបន្តិចម្ដងៗ។
សារនោះ សាឡាត់ ស្រីឡាង បានរៀបរាប់ថា ៖ «ខ្ញុំ សាឡាត់ ស្រីឡាង មួយរយៈនេះ ខ្ញុំពិតជាមានបញ្ហារឿងបំណុលមែន បញ្ហាខាតរឿងបើកហាងរកស៊ី ហើយនឹងបញ្ហាផ្សេងច្រើនទៀត កន្លងមកនេះ ខ្ញុំពិតជាព្យាយាមក្នុងការរកដំណោះស្រាយក្នុងបញ្ហាទាំងអស់ហ្នឹង ខ្ញុំមិនគេចវេសទេ តែខ្ញុំសូមពេលក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងមែន (ម្ចាស់បំណុលខ្លះ ខ្ញុំបានដោះស្រាយជូនបានខ្លះ និង ខ្លះទៀតគឺនៅ) ខ្ញុំពិតជាសូមទោសដែលយឺតយាវ ដោយសារបញ្ហាមកជាបន្តបន្ទាប់។ ខ្ញុំពិតជាអរគុណដល់បងៗ ដែលគាត់យោគយល់ និង ទុកពេលឱ្យខ្ញុំដោះស្រាយ អរគុណដល់បងៗដែលផ្តល់ការងារដល់ខ្ញុំ ដើម្បីឱ្យបានចំណូលយកមកដោះស្រាយ ជាចុងក្រោយសូមកុំឆាប់ទុកចិត្តលើមនុស្សខុស គឺពិបាកកែណាស់ ខាតទាំងលុយ បាត់ទាំងកិត្តិយស ហើយបាក់ទាំងទឹកចិត្ត បំណុល គឺខ្ញុំទទួលហើយក៏មិនគេចវេសដែរ»៕