រំភើបចិត្ត! កូនខ្មែរម្នាក់ ឡើងភ្នំអេវ៉ារេស សម្រេចក្ដីប្រាថ្នាចុងក្រោយ ជូនប្អូនប្រុស
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ តាមរយៈគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Sokhalay Saur បានអបអរសាទរ មិត្តសម្លាញ់របស់ខ្លួន មានឈ្មោះ លីម ពិសាល ដែលជាបុគ្គលមានភាពក្លាហាន តស៊ូអំណត់ ពុះពារ និងជម្នះគ្រប់ឧបសគ្គ ឡើងភ្នំអេវ៉ារេស ជួយសម្រេចក្តីប្រាថ្នាចុងក្រោយឱ្យប្អូនប្រុសខ្លួនឈ្មោះ ពិសិដ្ឋ។
តាមរយៈប្រភព បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០១២ កន្លងទៅ លឹម ពិសិដ្ឋ ដែលជាប្អូនប្រុស បានប្រថុយ ក្នុងបំណងបង្កើតកំណត់ត្រាដ៏អស្ចារ្យឱ្យខ្លួនឯង នោះគឺដំណើរទៅកាន់ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) រយៈកម្ពស់ 5364m ជាមូលដ្ឋាន លុះបានប្រហែល 80% នៃដំណើរនេះ ស្រាប់តែ ពិសិដ្ឋ ផ្ញើព្រលឹងវិញ្ញាណនៅទីនោះជារៀងរហូត ដោយជំងឺថប់ខ្យល់ (High Altitude Sickness) ខណៈដំណើរចុងក្រោយរបស់ ពិសិដ្ឋ បានក្លាយជាគោលដៅថ្មីរបស់ ពិសាល។
ជាង ១០ ឆ្នាំកន្លងមកនេះ ទោះជីវិត និងមុខរបរនាំរឿងស្មុគស្មាញច្រើន តែគោលដៅ EBC ស្ថិតនៅរស់រវ៉ើកក្នុងអារម្មណ៍ និងចិត្ត ពិសាល ដែលជាបងប្រុសរបស់ពិសិដ្ឋ រហូតដល់ចុងក្រោយ ពិសាលអាចធ្វើបានសម្រេចជោគជ័យមែន បំពេញបំណងចុងក្រោយប្អូនប្រុសរបស់ខ្លួន។ ជាក់ស្ដែងក្រោយពីត្រៀមចិត្ត ត្រៀមកាយ សម្ភារៈ និងហ្វឹកហាត់ច្រើនឆ្នាំកន្លងទៅនេះ និងចំណាយពេលដើរ និងឡើងភ្នំដ៏ហត់នឿយ រយៈពេល ៩ ថ្ងៃ គាត់ក៏បានទៅដល់ចំណុច EBC នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ នេះ ដោយសុខសុវត្ថិភាព និងថែមទាំងបានយកអាសាអ្នកដទៃទៀត តាមក្តីប្រាថ្នា និងសម្រេចបំណងចុងក្រោយរបស់ប្អូនប្រុស គួរឱ្យគោរពស្ញើចសរសើរបំផុត៕