ក្រុមព្រះសុរិយា រៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» ៣ ថ្ងៃជាប់គ្នា រំឭកដល់អង្គសម្តេចឪ មានបញ្ចាំងរឿង ៤ ជាស្នាព្រះហស្ថរបស់ទ្រង់ទៀត
ក្រុមព្រះសុរិយា បានប្រកាសរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» ក្រោមប្រធានបទ «ថ្វាយព្រះរាជអាល័យ និង រំលឹកខួប ១០០ ព្រះវស្សារបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ» ដោយមានទាំងការចាក់បញ្ចាំងខ្សែភាពយន្តដែលជាស្នាព្រះហស្ថដ៏អស្ចារ្យចំនួន ៤ រឿង របស់ទ្រង់ទៀតផង។
កម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» នឹងប្រារព្ធឡើងនៅថ្ងៃពុធ ទី ២ ដល់ថ្ងៃសុក្រ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គោលបំណងនៃកម្មវិធីនេះ គឺប្រារព្ធឡើងដើម្បីតបស្នងព្រះគុណរបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋដែលទ្រង់បានលះបង់គ្រប់បែបយ៉ាង និង ទាមទាររកយុត្តិធម៌គ្រប់វិស័យ ដើម្បីទទួលបានឯករាជ្យជូនប្រជាជនខ្មែរទាំងមូល។ គួរបញ្ជាក់ដែរថា ស្នាព្រះហស្ថទាំង ៤ រឿង ដែលនឹងចាក់បញ្ចាំងរួមមានដូចជា រឿង ឆាយាលើអង្គរ (១៩៦៧) រឿង ព្រៃប្រសិទ្ធី (១៩៦៦) រឿង សន្ធិប្រកាស (១៩៦៨) និង រឿង ផ្កាកូលាបនៃភ្នំបូកគោ (១៩៦៩)។
ក្រុមព្រះសុរិយាបានប្រកាសទៀតថា ក្រៅពីការចាក់បញ្ចាំងភាពយន្តដែលជាស្នាព្រះហស្ថរបស់ទ្រង់ហើយ ក៏មានរៀមចំពិធីផ្សេងៗទៀតដូចជា ការពិព័រណ៍ព្រះឆាយាលក្ខណ៍ដ៏កម្រនៃព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ហើយមានការប្រគំតន្រ្តី «រាជសង្គមនិយមខ្មែរ» ដ៏ប្លែក និង អស្ចារ្យ ដើម្បីរំលឹកកកាយឡើងវិញនូវបទចម្រៀងក្នុងសម័យសង្គមរាស្រ្តនិយមដ៏រុងរឿង ហើយបានបាត់បង់ដោយសារតែរបបខ្មែរក្រហម ដោយមានព្រះនាង នរោត្ដម ចេនណា នឹងមកបកស្រាយចម្រៀងរយៈពេលបីថ្ងៃតែម្ដង។
ដោយឡែក សម្ដេចព្រះមហាក្សក្សត្រីនរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រទានព្រះរាជទ្រព្យចំនួន ១០០០ ដុល្លារ។ រីឯសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាក៏បានឧបត្ថម្ភថវិកា ចំនួន ១០ លានរៀលជូនដល់កម្មវិធីនេះផងដែរ៕
រូបភាពដោយ៖ Bophana & ក្រុម ព្រះសុរិយា