ព្រះពុទ្ធបដិមាចូលនិព្វានមួយអង្គនៅឈៀងម៉ៃ សុខៗបាក់ព្រះកេសលាន់សូរគ្រាំង ប្រជាជននាំគ្នាភ័យថាជាប្រផ្នូលមិនល្អ
ថ្មីៗនេះ មានហេតុការណ៍បាក់ព្រះកេសរបស់ព្រះពុទ្ធបដិមាចូលនិព្វានមួយអង្គ នាវត្តមួយកន្លែងនៅខេត្តឈៀងម៉ៃ ដែលបណ្តាលឱ្យប្រជាជនជាច្រើននាំគ្នាភ័យព្រួយថាជាប្រផ្នូលមិនល្អ។
ពុទ្ធបដិមាអង្គនេះ មានប្រវែង ៥៩.៩៩ ម៉ែត្រ ស្ថិតនៅក្នុងវត្ត Doi Saket ស្រុក Doi Saket ខេត្តឈៀងម៉ៃ ហើយបើតាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ នៅសុខៗស្រាប់តែព្រះកេសក៏បានបាក់ធ្លាក់ចុះមក បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ព្រះសង្ឃក្នុងវត្ត ក៏ដូចជាប្រជាជននៅតំបន់នោះ។
ដោយឡែក ចៅអធិការវត្តបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានការបាក់ធ្លាក់បែបនេះ អាចមកពីភ្លៀងច្រើនថ្ងៃពេក ទឹកក៏បានហូរចូលទៅក្នុងកន្លែងព្រះកេសនោះ បង្កឱ្យមានទម្ងន់កាន់តែធ្ងន់ ទើបមានការបាក់បែកយ៉ាងដូច្នេះ។ សម្រាប់ប្រជាជននៅតំបន់នោះវិញ ម្នាក់ៗនាំគ្នាភ័យព្រួយខ្លាចថាជាប្រផ្នូលមិនល្អ ម្យ៉ាងអង្គបដិមានេះ ទើបតែធ្វើពិធីបើកព្រះនេត្រ និង បញ្ចុះបេះដូងរួចទើបតែបាន ៣ ថ្ងៃប៉ុណ្ណោះ។
ទោះជាយ៉ាងណា ខាងចៅអធិការវត្តក៏បានហៅជាងមកជួសជុលម្តងទៀតហើយ ព្រមទាំងនឹងមានគម្រោងធ្វើទម្រទប់ដើម្បីឱ្យកាន់តែមានភាពរឹងមាំផងដែរ៕
ប្រភព៖ Sanook