រាល់ដងសែនជំនាងផ្ទះមុន ឬកុងម៉ាមុន? ដល់តែបានស្ដាប់គ្រូចិនសែប្រាប់ ទើបដឹងថាអ្នកខ្លះសែនខុសក្បួនសុទ្ធ
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងចូលមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នេះហើយ ទេវតាឆ្នាំថ្មីចូលមកកាន់តំណែងបន្តគឺឆ្នាំជូត ។ តាមទំនៀមទម្លាប់ប្រពៃណីចិនតាំងពីបរមបុរាណមកឱ្យតែដល់ថ្ងៃចូលឆ្នាំ គ្រួសារនីមួយៗ តែងជួបជុំបងប្អូន កូនចៅ សែនព្រែនដល់កុងម៉ាសុំសេចក្ដីសុខសប្បាយ រកស៊ីមានបាន លុយកាក់ហូរចូលផ្ទះ ។
ដោយឡែកបច្ចុប្បន្ននេះនៅប្រទេសកម្ពុជា មិនថាខ្មែរកាត់ចិនសុទ្ធ កាត់ខ្លះៗ ឬខ្លះមិនកាត់ទាល់តែសោះ ក៏មានពិធីសែនព្រេនដែរ ។ ពាក់ព័ន្ធនឹងក្បួនតម្រាសែនព្រេនវិញ គ្រួសារខ្លះក៏សែនជូនដូនតាមុន ខ្លះសែនតំណាលគ្នា ខ្លះទៀតក៏សែនទៅតាមទម្លាប់រៀងៗខ្លួន ។ ចុះការសែនដែលត្រូវទៅតាមប្រពៃណីរបស់ចិនគេធ្វើបែបណា?
បើតាមគ្រូហោរាចិនសែ កុក ឡុង ដែលជាអ្នកស្រាវជ្រាវក្បួនតម្រាចិន និងជាកូនចិនសុទ្ធនោះ បានប្រាប់ថា គ្រួសារខ្លះមិនសូវមានលទ្ធភាពកុម្ម៉ង់ ឬធ្វើម្ហូបតែមួយតុ អញ្ជើញទាំងកុងម៉ា ជីដូន ជីតា ទេវតា ជំនាងផ្ទះ មកជួបជុំគ្នាសែនក្នុងពេលតែមួយ ។ បើតាមក្បួនតម្រាជាធម្មតាចិនតែងសែនទេវតាខាងមុខផ្ទះមុន ជាការគោរពទេវតា បន្ទាប់មកសែនជំនាងផ្ទះដែលជាអ្នករកលុយឱ្យយើង និងបន្ទាប់មកទើបសែនជូនកុងម៉ា ដូនតាតាមក្រោយ ។ លោកតាផ្ដាំថា កុំភ្លេចសែនចង្ក្រានបាយផង ។
លោកតា កុក ឡុង ប្រាប់ទៀតថាអ្នកដែលកាត់ចិនចំ ចូលឆ្នាំ ៣ ថ្ងៃគេហូបតែសម្លចាប់ឆាយសុទ្ធ និងបន្តហូបរហូតដល់ថ្ងៃ ៧ កើត និងថ្ងៃ ១៥ កើតទៅវត្តអារាមនានាដើម្បីប្រគេនចង្ហាន់ជូនព្រះសង្ឃឧទ្ទិសដល់ដូនតា សុំសេចក្ដីសុខចម្រើន ៕