គួរឱ្យសរសើរ! សុភ័ក្រ្ត កុសុម៉ា ស្លៀកពាក់បែបខ្មែរចំតួគ្រប់ឈុត បង្ហាញពីភាពថ្លៃថ្នូរស័ក្ដិសមជាកូនក្រមុំខ្មែរ
ថ្ងៃសិរីសួស្ដី ជ័យមង្គល ជាថ្ងៃពេលាល្អរបស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និង ស្វាមីរូបសង្ហា កែវ ផុនផល្លា ចូលរោងការតាមប្រពៃណី នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមការរៀបចំតុបតែងផ្កាភ្ញី គ្រឿងភស្តុភាបណ្ណាការយ៉ាងសមប្រពៃ សមទៅនឹងកម្មវិធីបែបប្រពៃណីខ្មែរ និង កិត្តិយសរបស់ក្រុមគ្រួសារទាំងសងខាង។
ថ្ងៃពិសេសមួយជាតិមានតែម្ដង សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសភ្ញៀវកិត្តិយសជិតឆ្ងាយ លាន់មាត់សរសើរនូវការស្រឡាញ់ និង ជ្រើសរើសឈុតប្រពៃណីខ្មែរចំតួ ដើម្បីគ្រងបង្ហាញក្នុងថ្ងៃដ៏មានសិរីសួស្ដីរបស់នាង និង ស្វាមីនេះ ដែលបង្ហាញពីវប្បធម៌ខ្មែរតាំងពីល្ងាចថ្ងៃសូត្រមន្ត រហូតដល់កម្មវិធីសំខាន់ៗផ្សេងៗដូចជាទទួលផ្កាស្លា ពិធីកាត់សក់ ពិធីសំពះផ្ទឹម និង ពិធីសំខាន់ទាំងមូល។
សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដែលកូនកំលោះ និង កូនក្រមុំបានជ្រើសរើសយកមកគ្រងក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេនេះ ឃើញថាស្រស់ស្អាត ថ្លៃថ្នូរ សមសួនគ្រប់ឈុត ទុកជាការចងចាំដែលមិនអាចបំភ្លេចបានក្នុងជីវិតគូ៕
រូបភាព៖ Nob Dane Samangkar