ទីបំផុត! យុវជន ២ នាក់ រាំរបៀបបែកស្លុយអត់របៀបក្នុងសារមន្ទីរជាតិថតផុស Tiktok ត្រូវមន្ត្រីកោះហៅអប់រំណែនាំហើយ
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងក្ដីហួសចិត្តបន្ទាប់ពីបានឃើញយុវជន ២ រូប បង្ហោះវីដេអូជាសាធារណៈក្នុងគណនី Tiktok របស់ខ្លួនកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ដោយបង្ហាញពីសកម្មភាពរាំបែកស្លុយក្នុងសារមន្ទីរជាតិកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរជាតិសាសន៍យ៉ាងខ្លាំង។
ទន្ទឹមគ្នានេះ នៅរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នេះ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានបញ្ជាក់ឱ្យដឹងថា ចំពោះករណីខាងលើនេះ កម្លាំងការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានចូលរួមជាមួយមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្រាវជ្រាវ និង កោះអញ្ជើញយុវជនចំនួន ២ នាក់នោះ មកធ្វើការអប់រំណែនាំ និង ធ្វើកិច្ចសន្យាហើយ តាំងពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ក្រោយថតសកម្មភាពរាំបញ្ចេញកាយវិការមិនសមរម្យ (របៀបបែកស្លុយស្អីគេនោះ) នៅក្នុងសារមន្ទីរជាតិភ្នំពេញ ហើយធ្វើការបង្ហោះជាសាធារណៈក្នុងគណនីតិកតុករបស់ខ្លួនកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណីជាតិ សណ្តាប់ធ្នាប់សង្គម និង រងការរិះគន់ពីមហាជន។
ខាងនាយកដ្ឋានបានបន្តឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការអប់រំណែនាំ យុវជនទាំង ២ រូប បានទទួលស្គាល់កំហុសឆ្គងដោយអចេតនារបស់ខ្លួន និង សុំការអភ័យទោស ព្រមទាំងធ្វើកិច្ចសន្យាមិនបង្កើតនូវសកម្មភាពអវិជ្ជមានទាំងនេះជាលើកទី ២ នោះឡើយ៕