ផ្អើលទៀតហើយ! លីម ណាលី ប្រកាសប្រាប់លោក អ៊ិន សុភិន សុំលាតំណែងពីលំដាប់រងទី ២ Miss Grand Cambodia ២០២២
ពិតជាដំណឹងមួយដ៏ភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកតាមដានវិស័យបវរកញ្ញានៅកម្ពុជា ដោយនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ ស្រាប់តែកញ្ញា លីម ណាលី លំដាប់រងទី ២ Miss Grand Cambodia 2022 បានចេញមកប្រកាសតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន ពេលនេះនាងសុំលាតំណែងចេញពីលំដាប់រងទី ២ នៃកម្មវិធី MGC 2022 ហើយ។
តាមរយៈការបង្ហោះរបស់បវរកញ្ញារូបនេះបានសរសេរថា ៖ «នាងខ្ញុំឈ្មោះ លីម ណាលី ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មានតំណែងជាលំដាប់រងទី២ នៅក្នុងកម្មវិធីកញ្ញាឯកកម្ពុជាឆ្នាំ ២០២២។ សូមគោរពជូនលោក អុិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស កម្មវត្ថុ : លាលែងតំណែងលំដាប់រងទី ២ នៃ កញ្ញាឯកកម្ពុជា សេចក្ដីដូចបានជម្រាបជូនតាមកម្មវត្ថុ នាងខ្ញុំឈ្មោះ លីម ណាលី សូមលាលែងតំណែងពី លំដាប់រងទី២ នៃ កញ្ញាឯកកម្ពុជា (Miss Grand Cambodia) ឆ្នាំ ២០២២ ចាប់ពីថ្ងៃដែលបានជូនដំណឹងនេះ សូមលោកអគ្គនាយក មេត្តាទទួលយកនូវ ការគោរពពីនាងខ្ញុំ»។
យ៉ាងណាមិញ ទន្ទឹមននឹងការលាលែងតំណែងមួយនេះ គេពុំទាន់ឃើញមានការឆ្លើយតបពីសំណាក់ក្រុមហ៊ុនមហាហង្សឡើយ។ ដោយឡែក បើនិយាយពីអ្នកគាំទ្រវិញ ក៏មានការភ្ញាក់ផ្អើលខ្លាំងដែរ ព្រោះសុខៗកញ្ញា លីម ណាលី ចេញមកប្រកាសបែបនេះនោះ តែយ៉ាងណាគេក៏រង់ចាំមើលពីការបញ្ជាក់ពីនាងម្តងទៀតផងដែរ អំពីមូលហេតុនៃការលាលែង ព្រោះស្រីស្រស់រូបនេះនៅពុំបានបញ្ជាក់ច្បាស់លាស់នោះឡើយ៕