ថៅកែស្រីម្ចាស់ហាងនំប៉័ងល្បីឈ្មោះមួយនេះពិតជាខ្លាំង មានល្បិចរកស៊ីងាយៗចំគោលដៅ អាចជាគំរូសម្រាប់អ្នកចង់ចាប់ផ្តើម
លោកស្រីឧកញ៉ា លី ដាលីន ត្រូវបានគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុន Cham & Ly Corporation ដែលបានទិញសិទ្ធិអាជីវកម្មហាងនំបុ័ងអន្តរជាតិដ៏ល្បីល្បាញ BreadTalk ពីប្រទេសសិង្ហបុរីមកប្រកួតទីផ្សារនៅកម្ពុជា។ លើសពីនេះ លោកស្រីក៏បានធ្វើជំនួញលើវិស័យអចលនទ្រព ដោយជាស្ថាបនិក ជា Chairwoman និង ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Daline Property Development។ ជាស្ត្រីខ្លាំង ជាសហគ្រិនឆ្នើម និង ពោរពេញដោយមហិច្ឆតា ដំណើរលើវិថីជំនួញរបស់លោកស្រីពិតជាគួរឱ្យស្ញប់ស្ញែង និង អាចជាផ្នែកជំរុញដល់សហគ្រិនស្រ្តីជំនាន់ថ្មី។ ចំណោមអាជីវកម្មរបស់លោកស្រី យើងសូមលើកពីដំណើរអាជីវកម្មហាងនំប៉័ងដ៏ជោគជ័យរបស់លោកស្រីដូចខាងក្រោម។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige លោកស្រីឧកញ៉ា លី ដាលីន មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំពោះការសិក្សា លោកស្រីទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលពេញលេញ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រោយបញ្ចប់ការសិក្សា លោកស្រីបានចេញទៅក្រៅប្រទេស បន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអាជីវកម្ម នៅសាកលវិទ្យាល័យ St. John’s University ស្ថិតនៅស្រុក Queens នៃទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។
នៅឆ្នាំ ២០០១ ពេលត្រលប់មកកម្ពុជាវិញ លោកស្រីបានចូលបម្រើការងារនៅក្រសួងពាណិជ្ជកម្ម ព្រមទាំងចាប់ផ្តើមមានគ្រួសារផងដែរ។ អស់រយៈពេល ១០ ឆ្នាំ លោកស្រីបានធ្វើការយ៉ាងសកម្ម ប៉ុន្តែមួយផ្នែកទៀតដែលលោកស្រីតែងមានគំនិតគឺចង់ធ្វើអាជីវកម្ម។ លោកស្រីលើកឡើងថា លោកស្រីចូលចិត្តសេរីភាព នៅពេលដែលធ្វើជាម្ចាស់អាជីវកម្ម យើងអាចព្យាយាមសម្រេចនូវគោលដៅអាជីវកម្មរបស់យើង។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៤ លោកស្រីបានទិញសិទ្ធិអាជីវកម្មហាងនំបុ័ងអន្តរជាតិដ៏ល្បី BreadTalk ពីប្រទេសសិង្ហបុរី មកបើកហាងដំបូងនៅទីក្រុងភ្នំពេញ។ ក្នុងរយៈពេលដ៏ខ្លី ហាងនំប៉័ងនេះទទួលបានការពេញនិយមខ្លាំងពាសពេញទីក្រុង។ មែនទែនទៅមុនបើកអាជីវកម្មនេះ លោកស្រីបានចាប់ផ្តើមអាជីវកម្មដំបូងនៅឆ្នាំ ២០០២ ដោយបើកជាហាងអ៊ីនធ័រណែត ខណៈដែលគ្រានោះ អ៊ីនធ័រណែតនៅកម្ពុជានៅមានកម្រិតនៅឡើយ។
ស្របពេលអាជីវកម្មហាងនំប៉័ងទទួលបានការគាំទ្រខ្លាំង លោកស្រីក៏ប្រឈមនឹងការប្រកួតប្រជែងខ្លាំងផងដែរ ជាពិសេសជាមួយហាងនំប្រ៊េនមកពីកូរ៉េ។ បើទោះយ៉ាងនេះក្តី ជាម្ចាស់អាជីវកម្មដ៏ឆ្លាតវៃ លោកស្រីដឹងច្បាស់ពីចំណុចខ្លាំងរបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើអាថ៌កំបាំងគ្រឿងផ្សំ។ លោកស្រីលើកឡើងថា ប្រូម៉ូសិនពិតជាល្អ តែអ្វីដែលសំខាន់បំផុតគឺគុណភាព។ លោកស្រីបានទំនាក់ទំនងជាមួយខ្សែចង្វាក់ផ្គត់ផ្គង់ពីក្រៅប្រទេស និង បង្កើតភាពច្នៃប្រតិដ្ឋទៅលើគ្រឿងផ្សំ ដោយប្រើគ្រឿងផ្សំទាំងនាំចូល និង គ្រឿងផ្សំក្នុងស្រុក ហើយធ្វើយ៉ាងណាឱ្យត្រូវជាមួយស្តង់ដារបស់ម៉ាកយីហោ។ ជាលទ្ធផល ការយកចិត្តទុកដាក់ និង ជម្នះការប្រឈម អាជីវកម្មហាងនំប៉័ងរបស់លោកស្រីទទួលបានការគាំទ្ររហូតបើកច្រើនសាខាមកដល់សព្វថ្ងៃ។
ជាមនុស្សស្រលាញ់ការងារសប្បុរសធម៌ តាមរយៈហាងនំប៉័ងនេះ លោកស្រីឧកញ៉ា លី ដាលីន បានធ្វើការបរិច្ចាគផ្តល់ជានំប៉័ងទៅកាន់អង្គរការ ដែលជួយជនក្រីក្រ និង អង្គការមូលនិធិកុមារកម្ពុជា (CCF)។ លើសពីនេះ មុន និង ក្រោយកូវីដ ១៩ លោកស្រីបានជួយគាំទ្រទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ គម្រោងសម្បុរសធម៌ប្រចាំឆ្នាំរបស់លោកស្រីគឺ «Share the Love» រួមជាមួយព្រឹត្តិការណ៍ជាច្រើនទៀតពេញមួយឆ្នាំ និង ថ្ងៃសំខាន់ៗដូចជា ទិវានៃក្តីស្រលាញ់, ទិវានារីអន្តរជាតិ និង ទិវាកុមារអន្តរជាតិ…ជាដើម។ ពាក្យស្លោករបស់លោកស្រី «ពេលអ្នកធ្វើអំពើល្អ ព្រលឹងអ្នកនឹងញញឹម»។
ទៅថ្ងៃខាងមុខ លោកស្រីមានគម្រោងធំៗជាច្រើនទៀត ដោយកំពុងសម្លឹងពង្រីកនៅក្នុងវិស័យកសិកម្ម និង វិស័យអាហារ និង ភេសជ្ជៈ។ ចំពោះលោកស្រី ការធ្វើអាជីវកម្មមិនត្រឹមតែជាការបង្កើតលុយប៉ុណ្ណោះទេ តែត្រូវតែកសាងទន្ទឹមគ្នានូវ «ភាពសុចរិត សីលធម៌ និង ភាពស្មោះត្រង់»៕