ព្រឺសម្បុរ! អ្នកវិទ្យាសាស្ត្រនៅជប៉ុន បង្កើតមនុស្សយន្តច្នៃមុខចេញពីកោសិកាស្បែកមនុស្សពិតៗ
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រក្នុងប្រទេសជប៉ុន កំពុងតែដំណើរការបច្ចេកវិទ្យារបស់ពួកគេឱ្យកាន់តែឈានទៅមុខ ដោយឥលូវនេះ ពួកគេបានបង្កើតមនុស្សយន្តថ្មី ដែលមានសភាពសឹងដូចនឹងមនុស្សពិតៗ។
តាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា អ្នកជំនាញមកពីមហាវិទ្យាល័យក្រុងតូក្យូ ប្រទេសជប៉ុន បានបង្កើតមុខមនុស្សយន្តមួយ ដែលច្នៃចេញពីស្បែកមនុស្សចិញ្ចឹមក្នុងមន្ទីរពិសោធ។ អ្នកវិទ្យាសាស្ត្រដដែល បានឱ្យដឹងទៀតថា រ៉ូបូតដែលមានស្បែករស់រវើកនេះ គឺមិនត្រឹមជួយឱ្យរូបរាងគ្រឿងយន្តទាំងនេះ ដូចទៅនឹងមនុស្សពិតៗប៉ុណ្ណោះទេ ប៉ុនតែពួកវាថែមទាំងអាចព្យាបាលរបួសដោយខ្លួនឯង ពេលរងការប៉ះទង្គិចណាមួយថែមទៀតផង។
គួរបញ្ជាក់ថា ការស្រាវជ្រាវមួយនេះ បានដឹកនាំធ្វើឡើងដោយលោកសាស្ត្រាចារ្យ Shoji Takeuchi ប្រចាំមហាវិទ្យាល័យក្រុងតូក្យូ។ ជាក់ស្ដែង ក្នុងមន្ទីរពិសោធរបស់លោកសាស្ត្រាចារ្យរូបនេះ បានបង្កើតបានរ៉ូបូតតូចៗ ដែលដើរបានដោយប្រើប្រាស់ជាលិកាសាច់ដុំជីវសាស្ត្រ សាច់ចិញ្ចឹមក្នុងមន្ទីរពិសោធ និង ស្បែកបង្កើតឡើងដែលអាចជាសះរបួសដោយខ្លួនឯង។
តាមសម្ដីរបស់សាស្ត្រាចារ្យខាងលើនេះដែរបានរៀបរាប់ថា៖ «ពួកយើង បានជោគជ័យលើការចម្លងរូបរាងរបស់មនុស្សបានសម្រេច ដោយការបង្កើតមុខមាត់ដែលផ្សំចេញពីគ្រោងដែលដូចទៅនឹងមនុស្សពិតៗ។ ជាក់ស្ដែង ស្បែកដែលបង្កើតឡើងនេះ គឺធ្វើចេញពីសំណាកយកពីកោសិកាស្បែករបស់មនុស្ស រួចចិញ្ចឹមវាក្នុងមន្ទីរពិសោធ»។