នៅសៀមរាបយើងហ្នឹង! ចាយតែ ៥ ដុល្លារ អាចគេងបោះតង់ជាមួយទេសភាពជាប់ជើងភ្នំយ៉ាងស្រស់ត្រកាល
ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប សួនក្រអូបឃុនរាម បើកដំណើរការឱ្យស្នាក់នៅលម្ហែ និង ចូលថតរូបលេងកម្សាន្តហើយ ដោយនៅទីនោះមានសួនផ្កា ចម្រុះពណ៌ ចម្រុះក្លិន ជាច្រើនប្រភេទ ដុះជាប់នៅកៀកជើងភ្នំ រំលេចនូវទេសភាពស្រស់ត្រកាល ប្រៀបដូចជាផ្ទាំងគំនូរ គួរឱ្យចង់ទៅទស្សនា។
ថ្មីៗនេះផងដែរ តាមរយៈផេកសួនក្រអូបឃុនរាម បានបញ្ជាក់ពីសេវាកម្មនៅក្នុងទីតាំងរបស់ខ្លួន ដែលលោកអ្នកចំណាយត្រឹមតែ ៥ ដុល្លារ អាចជួលតង់គេងបាន ដែលក្នុងតង់មានកម្រាល ភួយ ខ្នើយ និង កង្ហាស្រាប់តែម្ដង ដែលលោកអ្នកអាចកក់តាមរយៈទូរស័ព្ទលេខ 012/010 42 93 93 និង លេខតេលេក្រាម 012 42 93 93។
សួនក្រអូបឃុនរាម ជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកម្សាន្តខេត្តសៀមរាប ជាពិសេសស្រុកបន្ទាយស្រី ដោយសារផ្ទះស្នាក់ឃុនរាម មានសួនផ្កាស្រស់ស្អាត ប្រកបទៅដោយការច្នៃប្រឌិតខ្ពស់ និង បរិយាកាសបែបធម្មជាតិ ដោយមានខ្យល់បក់រសាត់ប៉ះកាយឱ្យមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយពីទុក្ខកង្វល់ផ្សេងៗ ។
លើសពីនេះទៅទៀត បើបានណាត់គ្នាជាក្រុម ស្លៀកពាក់ចម្រុះពណ៌ ហើយធ្វើដំណើរទៅថតរូបលេងកម្សាន្តនៅទីនោះ ធានាថាស្រស់ស្អាត ប្លែកភ្នែកមិនចាញ់ស្រុកគេប៉ុន្មាននោះទេ ព្រោះទីនោះស្ថិតនៅជាប់ជើងភ្នំ ហើយនៅតាមសួនផ្កា មានប្លង់ថតរូបច្នៃប្រឌិតស្អាតៗជាច្រើន ។ ដូច្នេះហើយនៅចាំអីទៀត? រួសរាន់ទៅកម្សាន្តឱ្យបានមុនគេ ទាន់ពេលដែលផ្ទះទីតាំងមួយនេះ បើកសេវាកម្មតម្លៃសមរម្យ ក្នុងរដូវកាលថតរូបដ៏ស្រស់បំព្រងនេះ៕
រូបភាពដោយ ៖ សួនក្រអូបឃុនរាម