បុរសជនជាតិម៉ាឡេស៊ីម្នាក់ ប្ល.ន់សម្លា./ប់ស្ត្រីម្នាក់មិនញញើតដៃ ដើម្បីបានលុយមកខ្មែរមើលការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិ
កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន និង បានសារភាពថាបានសម្លាប់ស្ត្រីម្នាក់ដើម្បីលួចគ្រឿងអលង្ការរបស់នាងយកទៅបញ្ចាំយកលុយធ្វើដំណើរមកប្រទេសកម្ពុជា ព្រោះតែចង់មើលការប្រកួតបាល់ទាត់រវាងម៉ាឡេស៊ី និង កម្ពុជា ក្នុងការប្រកួត 2024 Mitsubishi Electric Asean Cup នៅភ្នំពេញកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។
បើតាមកាសែតម៉ាឡេស៊ី Harian Metro ស្នងការប៉ូលិសរដ្ឋ Sarawak លោក Datuk Mancha Ata បានទម្លាយថា ជនសង្ស័យដែលបច្ចុប្បន្នកំពុងត្រូវប៉ូលិសឃាត់ខ្លួន បានសារភាពថារូបគេពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន និង បានលួចយកខ្សែដៃ និង ក្រវិលមាសរបស់នាងយកទៅបញ្ចាំយកប្រាក់ដើម្បីផ្គត់ផ្គង់ការធ្វើដំណើរមកខ្មែរមើលការប្រកួតបាល់ទាត់។
គួរឱ្យដឹងផងដែរថា ជនរងគ្រោះមានឈ្មោះ Nurul Asikin Binti Lan អាយុ ២៦ ឆ្នាំ ត្រូវបានប្រកាសបាត់ខ្លួនកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ក្រោយរូបនាងត្រូវបានប្រទះឃើញចុងក្រោយជាមួយបុរសម្នាក់ដែលនាងទើបតែជួបថ្មីៗនេះ។ មកដល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ សាកសពរបស់នាងត្រូវបានប្រទះឃើញនៅតំបន់ Tabuan Jaya ក្នុងសភាពស្អុយរលួយមើលលែងយល់ទៅហើយ។
យ៉ាងណាមិញ តាមការបញ្ជាក់ពីលោកស្នងការ Mancha បានឱ្យដឹងថា ប៉ូលិសនៅបន្តរង់ចាំលទ្ធផល DNA ដែលនឹងចេញនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខ ដើម្បីបញ្ជាក់ឱ្យច្បាស់ថាសាកសពនោះពិតជាសាកសពរបស់ជនរងគ្រោះពិតប្រាកដមែន៕
ប្រភព៖ malaymail