អាប់ឌែតថ្មី! ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀង ដែលហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានស្រកអស់ហើយ
នៅមុននេះបន្តិច អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោងជាង ៩ ព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ជំនន់ទឹកភ្លៀងនៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលចាល់ពីផ្នែកម្ខាង ហូរឆ្លងកាត់មកលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លី បានស្រកអស់ហើយ។
បច្ចុប្បន្ន ក្រុមការងារក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាន និង កំពុងកៀរភក់ ព្រមទាំងលាងសម្អាតផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ។
ក្នុងនោះផងដែរ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន ក៏នៅតែអន្តរាគមន៍ដើម្បីសម្រួល និង បញ្ជាចរាចរណ៍នៅទីតាំងនោះផងដែរ៕
ប្រភព ៖ ទូរទស្សន៍ជាតិកម្ពុជា ទទក