ច្បាស់ការ! វណ្ណថាន បោះបង់ឱកាសទៅសម្តែងនៅឥណ្ឌូនេស៊ី មកពីមូលហេតុសំខាន់នេះ
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមគាំទ្រវិស័យចម្រៀងរ៉េប និង R&B កំពុងបង្ហាញក្តីរំភើបទៅកាន់តារាចម្រៀងរ៉េប និង R&B ប្រុសកម្ពុជា ៥ រូប នឹងត្រៀមបង្ហាញវត្តមានក្នុងមហោស្រពតន្ត្រី AXEAN Festival 2024 ដែលនឹងរៀបចំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៨ និង ២៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងនោះ សិល្បករផ្នែកចម្រៀងរ៉េប និង R&B ៥ រូប ដែលនឹងត្រូវចូលរួមកម្មវិធីលំដាប់អាស៊ីខាងលើរួមមាន តារាចម្រៀងមកពីផលិតកម្មបារមី ៣ រូប គឺលោកវណ្ណថាន, លោក យូហៃ និង លោក នរិទ្ធ។ រីឯតារាចម្រៀង ២ រូប ទៀត គឺលោក RuthKo មកពីផលិតកម្ម Klap Ya Hand និង លោក M-Fatt មកពីផលិតកម្ម Slap House។
យ៉ាងណាមិញ កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ លោក វណ្ណថាន ក៏បានប្រកាសដំណឹងគួរឱ្យសោកស្តាយ ដែលលោកបានរំសាយការសម្តែងក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN Festival 2024 ពោលគឺលោកមិនបានចូលរួមនោះឡើយ។
ចំពោះមូលហេតុនៃការមិនចូលរួមសម្តែងក្នុងមហោស្រពតន្ត្រី AXEAN Festival 2024 នេះដែរ លោក វណ្ណថាន ក៏បានជម្រាបថា ដោយសារពេលវេលាមិនសមស្រប ព្រោះលោកជាប់ភារកិច្ចផ្សេងទៀតដែលមិនអាចបញ្ជាក់បាន។
អ្វីដែលអ្នកគាំទ្របានចាប់អារម្មណ៍នោះ ក្រោយពីបានប្រកាសរំសាយការចូលរួមសម្តែងនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី មហាជនសង្កេតឃើញថា លោក វណ្ណថាន កាន់តែមមាញឹកក្នុងការផលិតតន្ត្រី ជាពិសេសនោះ មួយរយៈនេះ លោក វណ្ណថាន កំពុងសម្រុកដៃធ្វើការរួមគ្នានឹងតារាចម្រៀងរ៉េប វណ្ណដា ទៀតផង។
យ៉ាងណាមិញ កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក វណ្ណថាន បានបង្ហោះសារមួយជាថ្មី ដែលអាចបញ្ជាក់ពីមូលហេតុនៃការមិនបានទៅសម្តែងនៅឥណ្ឌូនេស៊ីហើយ ដោយសារតែលោកត្រូវចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិក ក្នុងកម្មវិធី Cambodia Day ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅ Union Square ទីក្រុង San Francisco រដ្ឋ California។ ក្នុងនោះ ការទៅសម្តែងក្នុងកម្មវិធី Cambodia Day នេះ គឺជាលើកទី ២ ហើយសម្រាប់លោក វណ្ណថាន៕