Miss Grand អ៊ុយក្រែន ២០២២ បង្ហោះរូបស្រក់ទឹកភ្នែក និង សារវែងអន្លាយ ក្រោយដឹងថាខ្លួនត្រូវគេងរួមបន្ទប់ជាមួយ Miss Grand រុស្ស៊ី
ថ្មីៗនេះ គេសង្កេតឃើញថាបេក្ខភាព Miss Grand ជាច្រើនបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមខ្លួនចូលរួមប្រកួតដណ្ដើមមកុដនៅរាត្រីផ្ដាច់ព្រ័ត្រថ្ងៃទី ២៥ ខែតុលា ខាងមុខនេះ។
ហើយសម្រាប់ឆ្នាំនេះ រឿងដែលគួរឱ្យចាប់អារម្មណ៍តាំងពីបើកការប្រកួតនោះគឺការជ្រើសរើសមិត្តរួមបន្ទប់ ដោយស្ថាប័ន Miss Grand បានរៀបចំឱ្យបេក្ខភាពមកពីអ៊ុយក្រែន និងរុស្ស៊ីគេងនៅបន្ទប់តែមួយ។
ក្រោយដឹងដំណឹងនេះ Miss Grand អ៊ុយក្រែន ក៏ចេញមុខបង្ហាញអារម្មណ៍ភ្លាមៗថា៖ «ខ្ញុំគឺជាមនុស្សដែលធំដឹងក្ដីមកជាមួយគំនិត និងទស្សនៈផ្ទាល់ខ្លួន។ នេះមិនមែនជាអ្វីដែលចារ ឬក៏ដកស្រង់ចេញពីទំព័រសៀវភៅ ហើយប្រឌិតវាឡើងនោះទេ។ នេះគឺជាខ្ញុំ! នេះគឺជាអារម្មណ៍ពិត, អតីតកាល, ចំណេះដឹង, សមត្ថភាព, ហើយក៏ជាសាច់រឿងរបស់ខ្ញុំ។ ហើយគ្មាននរណាម្នាក់ក្នុងលោកនេះមានសិទ្ធយកវាចេញពីខ្ញុំ ឬមានមន្ទិលពីវានោះឡើយ។ គំនិតរបស់ខ្ញុំគឺវាសំខាន់ណាស់! ហើយសាច់រឿង និងអារម្មណ៍របស់ខ្ញុំក៏វាសំខាន់ដូចគ្នា!»។
«ថ្ងៃនេះ សាច់រឿងរបស់ខ្ញុំគឺ៖ អំឡុងពេលខ្ញុំកំពុងធ្វើដំណើរដ៏វែងឆ្ងាយទៅចូលរួមប្រកួតកម្មវិធី Miss Grand International ដែលជាគោលដៅ, គោលបំណង និងបេសកកម្មសំខាន់បំផុតសម្រាប់ខ្ញុំ គឺដើម្បីប្រាប់ពិភពលោកពីប្រទេសរបស់ខ្ញុំ ហើយក៏ដើម្បីបង្ហាញពីស្មារតីរបស់ប្រជាជនអ៊ុយក្រែន ពីភាពស្រស់ស្អាត ការតស៊ូ និងអ្វីដែលយើងកំពុងតែហែលឆ្លងនាពេលបច្ចុប្បន្ន។ ខ្ញុំទទួលបានសំបុត្រមួយដែលធ្វើឱ្យអារម្មណ៍ខ្ញុំពុះកញ្ជ្រោល ហើយមានភាពឈឺចាប់ជាខ្លាំង នោះគឺការរៀបចំឱ្យខ្ញុំស្នាក់នៅបន្ទប់ជាមួយដៃគូប្រកួតដែលមកពីប្រទេសភេវករ ប្រទេសដែលបាត់អស់ច្បាប់ទម្លាប់ និងសណ្ដាប់ធ្នាប់ ប្រទេសដែលគួរឱ្យស្អប់ខ្ពើម និងបន្សល់តែស្លាកស្នាមនៅលើដងខ្លួនដ៏ស្រស់ស្អាតរបស់ភពផែនដី នោះគឺរុស្ស៊ី»។
«ជូនចំពោះលោក Nawat សុំលោកជឿខ្ញុំ ខ្ញុំផ្ទាល់ក៏ស្វែងរកសន្តិភាព ក្តីស្រឡាញ់ មិត្តភាព និងការគាំទ្រ ប៉ុន្តែមិនមែនពីអ្នកដែលមិនអាចលើកលែងទោសឱ្យបាន មិនមែនពីអ្នកដែលធ្វើទារុណកម្មបងប្អូនខ្ញុំ មិនមែនពីឃាតកដែលឆក់យកជីវិតប្រជាជនអ៊ុយក្រែនជាច្រើននាក់។ ខ្ញុំគឺសំខាន់ គំនិតខ្ញុំក៏សំខាន់ អារម្មណ៍ខ្ញុំ និងប្រទេសអ៊ុយក្រែនខ្ញុំសុទ្ធសឹងតែសំខាន់! សូមឱ្យអ៊ុយក្រែនមានសិរីសួស្ដី! ខ្ញុំសូមឱ្យអ្នករាល់គ្នាចែករំលែករឿងនេះ និងសូមផ្ញើសារទៅលោក Nawat ដែលជាអ្នករៀបចំការប្រកួតជាមួយ Hastag ថា #cancelrussianculture, #russiaterroriststate»៕