កើតផ្តាសាយអំឡុងពពោះ ជៀសវាងប្រើថ្នាំដាច់ខាត តែប្រើវិធីធម្មជាតិនេះធានាធូរស្បើយឯកឯង
ផ្តាសាយជាជំងឺពេញនិយមបំផុតនៅរដូវភ្លៀង។ ចំពោះស្ត្រីមានគភ៌ បើមិនយកចិត្តទុកដាក់ថែទាំខ្លួនឱ្យដិតដល់ ប្រាកដណាស់ច្បាស់ជាប្រឈមកើតមិនខាន។ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្តាសាយ អាចថាជាវិធីទី ១ សម្រាប់អ្នកចង់ធូរស្បើយឆាប់រហ័ស ប៉ុន្តែសម្រាប់ស្ត្រីពពោះការប្រើប្រាស់ថ្នាំ វាមិនរមែងផ្តល់ផលល្អចំពោះសុខភាពឡើយ ជាពិសេសវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ។ ដើម្បីសុវត្ថិភាព «ប្រជាប្រិយ» សូមលើកយកការព្យាបាលជំងឺផ្តាសាយបែបធម្មជាតិ ដែលជាការណែនាំដោយ លោកស្រី Sabrina Felson វេជ្ជបណ្ឌិតជំនាញមួយរូបនៅទីក្រុងញូវយកសហរដ្ឋអាមេរិក។
១. ដោះស្រាយហៀរសម្បោរ
បើមានសម្បោរ អ្នកចាំបាច់ញើសវាចេញជាជាងហឺតចូលទៅក្នុងវិញ។ ការញើសសម្បោរគួរកុំញើសខ្លាំងពេក ព្រោះវាអាចបង្កសម្ពាធធ្វើឱ្យឈឺដល់ត្រច្រៀក។ វិធីដែលល្អបំផុត ត្រូវញើសដោយប្រើម្រាមដៃសង្កត់លើស្លាបច្រមុះម្ខាង រួចញើសចេញថ្មមៗ។ ក្រោយពីញើសសងខាងរួចរាល់ ចាំបាច់បំផុតអ្នកត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬទឹកក្តៅឧណ្ហៗដើម្បីសម្លាប់មេរោគ។
២. សម្រាកឱ្យបានច្រើន
អ្នកកើតផ្តាសាយច្រើនតែមានអាការអស់កម្លាំងចុកដៃជើង ដែលទាមទារឱ្យសម្រាកឱ្យបានច្រើនកាន់តែប្រសើរ។ ការសម្រាកអាចជួយឱ្យរាងកាយមានថាមពល ក៏ដូចជាជំរុញប្រព័ន្ធការពាររាងកាយខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងពពួកមេរោគ។ ត្រូវប្រាកដថា អ្នកគេងដណ្តប់ភួយ និងដាក់ខ្នើយកើយឱ្យបានខ្ពស់ ព្រមទាំងជៀសវាងគេងបើកម៉ាស៊ីនត្រជាក់ឬដាក់កង្ហារខ្យល់ខ្លាំង។
៣. បំបាត់អាការឈឺបំពង់ក
ឈឺឬរលាកបំពង់កជាអាការមួយនៃជំងឺផ្តាសាយ អ្នកអាចដោះស្រាយដោយគ្រាន់តែធ្វើទឹកខ្ពុរមាត់ជាការស្រេច។ យកអំបិលមួយស្លាបព្រាដាក់ក្នុងទឹកក្តៅឧណ្ហៗមួយកែវ រួចធ្វើការខ្ពុរមាត់ងើយឱ្យដល់បំពង់ក។ អនុវត្តមួយថ្ងៃបួនដងជាប្រចាំ អ្នកនឹងឃើញថាស្លេស្ម និងអាការឈឺបំពង់កនឹងចាប់ផ្តើមធូរស្បើយតាំងពីថ្ងៃដំបូង។
៤. ផឹកភេសជ្ជៈប្រឆាំងផ្តាសាយ
ភេសជ្ជៈល្អបំផុតសម្រាប់ប្រឆាំងជំងឺផ្តាសាយគឺទឹកក្តៅឧណ្ហៗ។ ទឹកក្តៅមិនត្រឹមតែជួយសម្រួលឱ្យធូរច្រមុះប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយអាការឈឺបំពង់ក ឈឺក្បាល និងកង្វះជាតិទឹកក្នុងខ្លួនផងដែរ។ ប្រសិនបើធុញទ្រាន់នឹងការផឹកទឹកក្តៅ អ្នកអាចងាកមកផឹកតែខ្ញី តែជីរអង្កាម តែក្រូចឆ្មារ ឬបន្ថែមដោយការផឹកទឹកផ្លែឈើស្រស់ដូចជា ទឹកក្រូចពោធិ៍សាត់ ឬទឹកប៉េងប៉ោះ ដែលសុទ្ធសឹងសម្បូរទៅដោយវីតាមីនចម្រុះ ពិសេសវីតាមីន C ជួយដល់ប្រព័ន្ធការពារប្រឆាំងនឹងមេរោគផ្តាសាយ។
៥. ផ្លាស់ប្តូររបបអាហារ
អំឡុងពេលឈឺផ្តាសាយ អ្នកជំងឺត្រូវយកចិត្តទុកដាក់បំផុតទៅលើរបបអាហារ។ ត្រូវប្រាកដថា ទទួលទានតែអាហារក្តៅ និងឆ្អិនពិសេសស៊ុបមាន់ និងផ្លែឈើផ្ទុកទៅដោយវីតាមីន C ដូចជា ពពួកក្រូច ម្ទេសប្លោក ស្ត្រូបូរី ប៉េងប៉ោះ ខាត់ណាខៀវ និងត្របែក។ គួរជៀសវាងទឹកត្រជាក់ ទឹកកក និងអាហារក្លាសេ។
៦. ងូតទឹកក្តៅឧណ្ហៗ
ប្រសិនបើអ្នកមានអារម្មណ៍ ធេងធោង អ្នកអាចជ្រើសរើសការងូតទឹកក្តៅឧណ្ហៗ ដែលវាអាចជួយសម្រួលឱ្យស្រួលខ្លួន ក៏ដូចជាធ្វើឱ្យច្រមុះដកដង្ហើមស្រួលផងដែរ។ ពេលងូតទឹកគួរមានស្វាមី ឬនរណាម្នាក់នៅជិត។
៧. ស្អំច្រមុះ
ក្រៅពីងូតទឹកក្តៅឧណ្ហៗ អ្នកអាចបន្ថែមការស្អំច្រមុះដែលនឹងជួយបានមួយកម្រិតទៀត។ ប្រើកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗ ឬប្រើថង់ស្អំទឹកក្តៅឧណ្ហៗក៏បាន គ្រាន់តែយកមកស្អំនៅលើច្រមុះសងខាងជាការស្រេច។ ការអនុវត្តបែបនេះអាចជួយឱ្យច្រមុះដកដង្ហើមធូរ និងធូរស្បើយពីអាការឈឺក្បាលផងដែរ។
៨. ប្រើឧបករណ៍បន្សុទ្ធខ្យល់
ថ្វីត្បិតការប្រើឧបករណ៍បន្សុទ្ធខ្យល់មិនមែនជាការព្យាបាលជំងឺផ្តាសាយទាំងស្រុង ប៉ុន្តែវាមានប្រយោជន៍ធ្វើឱ្យខ្យល់អាកាសក្នុងបន្ទប់បរិសុទ្ធស្រស់ថ្លា ជួយសម្រួលផ្លូវដង្ហើម កាត់បន្ថយកណ្តាស់ឬក្អក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយផងដែរ។ បើប្រើឧបករណ៍បន្សុទ្ធខ្យល់ គួរជៀសវាងដាក់ក្លិន ដោយសារទឹកក្លិនអាចមានផ្ទុកសារធាតុគីមី នាំបង្កផលប៉ះពាល់សុខភាពផ្នែកខាងក្នុង។
គួរកត់ចំណាំដែរថា មានករណីមួយចំនួនដែលអ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យដូចជា៖ កម្តៅខ្លួនឡើងដល់ ៣៩ អង្សា ឈឺច្រើនជាង ១០ ថ្ងៃ ពិបាកដកដង្ហើម ហ៊ឹងត្រចៀក វង្វេងស្មារតី ចុកពោះ ក្អួតញឹកញាប់ និងហើមថ្គាមជាដើម៕
ប្រភព៖ webmd