ម្តាយអតីតប៉ូលិសបង្កហេតុ អួលដើម.កប្រាប់ថា មិនហ៊ានទៅបុណ្យសពជនរងគ្រោះ
កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍បាញ់បោះយ៉ាងមិននឹកស្មានមួយ បានកើតឡើងនៅសាលារៀនមួយកន្លែង នាខេត្ត Nong Bua Lam Phu ប្រទេសថៃ ដែលបានឆក់យកជីវិតក្មេងៗ ព្រមទាំងអ្នកគ្រូយ៉ាងគួរឱ្យរន្ធត់ចំនួន ៣៩ នាក់ រាប់ទាំងទារកក្នុងផ្ទៃម្នាក់ទៀត។
យ៉ាងណាមិញ ហេតុការណ៍មួយនេះ គឺពិតជាសោដនាកម្មមួយដ៏រន្ធត់សម្រាប់ប្រជាជនថៃ ដែលម្នាក់ៗពិតជាតក់ស្លុត ថែមស្រណោះអាណិតខ្លោចចិត្តតែម្តង ចំពោះជនរងគ្រោះដែលជាក្មេងតូចៗ និង ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផងដែរ។
ដោយឡែក សម្រាប់ខ្មាន់កាំភ្លើងវិញ ក្រោយពីបានបាញ់សម្លាប់ខ្លួនរួចមក សពរបស់គេ ត្រូវបានប្រជាជនប្រឆាំងមិនឱ្យបូជានៅក្នុងភូមិស្រុករបស់ខ្លួននោះទេ ដោយសារតែកំហឹងខឹងសម្បានោះឯង។ ហេតុនេះហើយ ទើបធ្វើឱ្យស្ត្រីជាម្តាយ សែនពិបាកចិត្តតឹងទ្រូងថែមទៀត ព្រោះក្រោយពីកូនប្រុសបានប្រព្រឹត្តអំពើឃោរឃៅ សម្លាប់ជីវិតអ្នកដទៃ និង ជីវិតខ្លួនឯងហើយ សូម្បីតែសពក៏ត្រូវគេស្អប់គ្រប់គ្នា ដែលទម្រាំនឹងរកកន្លែងបូជាបាន គឺពិតជាវេទនាខ្លាំងណាស់។
យ៉ាងណាមិញ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រ្តីជាម្តាយ ក៏បានបូជាសពរបស់កូនប្រុសរួចរាល់ទៅហើយ ដោយយកមកបូជាវត្តមួយកន្លែងនាខេត្ត Udon Thani វិញ។
ជាមួយគ្នានេះ ស្រ្តីជាម្តាយ ក៏បានទម្លាយទាំងអួលដើមកផងដែរថា ខ្លួននៅមិនទាន់ហ៊ានទៅចូលរួមបុណ្យសពរបស់ជនរងគ្រោះនៅឡើយទេ នៅចាំពិភាក្សាគ្នាជាមួយនឹងបងប្អូនសិន តែប្រហែលជាអាចឱ្យមានអ្នកទៅជំនួស ព្រោះខ្លួនមិនហ៊ានទៅចូលរួមផ្ទាល់ ដោយសារតែមើលទៅប្រជាជនកំពុងខឹងសម្បា ហើយខ្លួនខ្លាចត្រូវញាតិមិត្តរបស់ជនរងគ្រោះចោមរោមធ្វើបាប ព្រោះតែទង្វើរបស់កូនប្រុស។ យ៉ាងណាមិញ មហាជនមួយចំនួនក៏ហាក់អាណិតស្រ្តីជាម្តាយរូបនេះដូចគ្នា ព្រោះទឹកចិត្តជាម្តាយ ដែលមកជួបរឿងបែបនេះ គឺពិតជាឈឺចាប់មិនស្ទើរនោះទេ៕