ដឹងតែកក្រើកហើយ! កម្មវិធី Miss Planet Cambodia ត្រូវបានក្រុមហ៊ុន CIM ទិញសិទ្ធិរៀបចំការប្រកួត
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ហ្វេសប៊ុកផ្លូវការនៃកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) បានចេញប្រកាសជាផ្លូវការហើយថា ក្រុមហ៊ុន Cambodia International Models ឬ ហៅកាត់ថា CIM គ្រប់គ្រងដោយលោក ម៉ែន និមលរត្ន ទទួលបានអាជ្ញាប័ណ្ណរៀបចំកម្មវិធីប្រកួត Miss Planet Cambodia។
ក្រុមហ៊ុន CIM នឹងក្លាយជាអ្នកចាត់ចែងរៀបចំបញ្ជូនបវរកញ្ញាទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Planet International ដែលត្រៀមធ្វើនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ បើតាមការបញ្ជាក់របស់ហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Miss Planet International បានបង្ហោះឱ្យដឹងថា ៖ «ជាផ្លូវការ Cambodia international Models ជាអ្នកកាន់អាជ្ញាប័ណ្ណរបស់យើង ដែលមានសិទ្ធិក្នុងការជ្រើសរើសបេក្ខភាពបវរកញ្ញាសម្រាប់តំណាងប្រទេសកម្ពុជា ក្នុងការប្រកួត Miss International Pageant នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ សូមដានតាមរង់ចាំទស្សនាថាតើបវរកញ្ញាកម្ពុជារូបណា ដែលនឹងក្លាយជាអ្នកតំណាងរបស់ប្រទេសយើង»។
សូមជម្រាបផងថា ក្រុមហ៊ុន CIM ក្រុមហ៊ុនមួយដែលមានបទពិសោធច្រើនឆ្នាំក្នុងការរៀបចំកម្មវិធីបវរកញ្ញានានា។ កន្លងមក ក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិរៀបចំកម្មវិធីធំៗជាច្រើនដូចជា កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia) កម្មវិធីកញ្ញាឯកកម្ពុជា (Miss Cambodia) បវរកញ្ញាភេទទី ៣ កម្ពុជា (Miss Queen Cambodia) និង កម្មវិធីមួយចំនួនទៀត៕