(វីដេអូ) មិនមែនតែអ្នកគាំទ្រ សូម្បី នី មុល្លីកា តួឯកស្រីរឿង «កូនប្រសាស្រី» មើលរឿងខ្លួនសម្ដែងម្ដងទៀត ក៏មានអាការៈបែបនេះ
ស្របពេលខ្សែភាពយន្តភាគទូរទស្សន៍ «កូនប្រសាស្រី» របស់អ្នកស្រី ពាន់ ភួងបុប្ឋា កំពុងផ្ទុះការចាប់អារម្មណ៍ជាថ្មីម្តងទៀត ឃើញថាមហាជនអ្នកគាំទ្រនិយមចូលចិត្តតាមដានខ្សែភាពយន្តភាគនេះ ក៏កំពុងផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ព្រមទាំងចាប់អារម្មណ៍ចង់ដឹងពីតួអង្គសម្ដែងនីមួយៗក្នុងសាច់រឿង ដោយមកដល់បច្ចុប្បន្នកំពុងរស់នៅមានជីវិតឯកជនបែបណាផងដែរ។
បើក្រឡេកទៅចាប់អារម្មណ៍ជីវិតឯកជនរបស់តួឯកស្រីឈ្មោះ សោភា ក្នុងសាច់រឿង «កូនប្រសាស្រី» នេះ គឺអ្នកនាង នី មុល្លីកា ត្រូវបានគេដឹងថារយៈពេលជាង ១២ ឆ្នាំមកហើយ ដែលអ្នកនាងបានចោលជីវិតសិល្បៈទៅរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយស្វាមីអណិកជននៅសហរដ្ឋអាមេរិក ខណៈចំណងអាពាហ៍ពិពាហ៍របស់ពួកគេទទួលបានកូនប្រុសស្រីដ៏គួរស្រឡាញ់ ២ នាក់។
ដោយឡែក ថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត ស្របពេលអ្នកគាំទ្រលើបណ្ដាញសង្គមផ្ទុះការតាមដានទស្សនាភាពយន្ត «កូនប្រសាស្រី» ជាថ្មី ក៏បានឃើញអ្នកនាង នី មុល្លីកា តួឯកស្រីក្នុងរឿងនេះ បានចេញវីដេអូនិយាយអរគុណដល់អ្នកគាំទ្រដែលបានទស្សនាសាច់រឿងនេះម្ដងទៀត និង បានបង្ហាញក្ដីស្រឡាញ់នឹករឭកចំពោះរូបនាងផងដែរ។ លើសពីនេះ នី មុល្លីកា ក៏បាននិយាយប្រាប់មហាជនថាសាច់រឿងមួយនេះ សូម្បីតែនាងមើលរឿងខ្លួនឯងសម្ដែងម្ដងទៀត ក៏នៅតែយំតាមដែរ៕