ហេតុផលគួរពិចារណាមួយចំនួន ភ្ញៀវមិនស្គាល់ ឬមិនបានអញ្ជើញ បែរជាចូលរួមកម្មវិធីធ្វើដូចជាមនុស្សស្និទ្ធស្នាល
ថ្មីៗនេះ ដូចប្រិយមិត្តបានជ្រាប មានការចែកចាយហូរហែអំពីភ្ញៀវ ដែលមិនស្គាល់ មិនបានអញ្ជើញចូលរួមកម្មវិធី តែបែរជាបង្ហាញមុខចូលរួម ថតរូបស្និទ្ធស្នាល ធ្វើខ្លួនដូចជាសាច់ញាតិ ឬមិត្តជិតដិតបំផុត។ បើពួកគេមកក្នុងបំណងល្អ មិនជាថ្វី តែបើមកមិនប្រក្រតី ច្បាស់ណាស់អាចនឹងមានបញ្ហា។ នៅក្នុងអត្ថបទនេះ យើងមិនចោទបុគ្គលប្រភេទនេះ ជាមនុស្សមិនល្អទាំងអស់ឡើយ តែវាអាចជាចំណែកមួយសម្រាប់ការប្រុងប្រយ័ត្ន នៅពេលរៀបចំកម្មវិធីនៅថ្ងៃក្រោយ។ នេះជាហេតុផល ៥ យ៉ាង ដែលអ្នកមិនគួរទុកចិត្តអ្នកមិនស្គាល់ ឬបុគ្គលមិនបានអញ្ជើញចូលរួម តែពួកគេបង្ហាញវត្តមាន។
១. អាចជាជនបោកប្រាស់ ឬចោរ៖ ពួកគេអាចបន្លំខ្លួនចូលកម្មវិធី ដើម្បីស៊ើបការ បើមានឱកាស ពួកគេនឹងបន្លំ ឬលួចរបស់មានតម្លៃដូចជា ទូរស័ព្ទ កាបូបលុយ ជួនថតសកម្មភាពដើម្បីយកធ្វើជាផលប្រយោជន៍ ហើយអាចគំរាមយកលុយទៀតផង។ ចោរសម័យថ្មីមួយចំនួន ពួកគេឆ្លាត ចេះរៀបចំឫកពា ធ្វើខ្លួនស្លៀកពាក់ឡូយឆាយ និង ពូកែនិយាយស្តី មួយកំប្លេ។ ដូចនេះ បើមិនស្គាល់ គួរកុំប្រញាប់ទុកចិត្ត និង ប្រុងប្រយ័ត្នឱ្យមែនទែន។
២. យកផលប្រយោជន៍ និង បង្កបញ្ហា៖ មនុស្សប្លែកមុខទាំងនេះ អាចបង្កើតទំនាក់ទំនងជាមួយភ្ញៀវដទៃទៀត ធ្វើឱ្យភ្ញៀវជឿជាក់មកលើរូបគេ។ ពួកគេអាចសួរភ្ញៀវអំពីចំណង់ចំណូលចិត្ត និង ព័ត៌មានផ្ទាល់ខ្លួន បន្ទាប់មកអូសចូលសាច់រឿង ធ្វើទីផ្សារ លក់ផលិតផល និង អ្វីផ្សេងទៀតដើម្បីប្រយោជន៍។ រីឯខ្លះទៀត អាចបង្កចម្រូងចម្រាស ឬជម្លោះនៅក្នុងកម្មវិធី ធ្វើឱ្យកម្មវិធីចលាចល។
៣. បំណងបៀតបៀន៖ កាន់តែប្រុងប្រយ័ត្ន បុគ្គលនេះខ្លះទៀត អាចមានបំណងបំពានលើរាងកាយ ដោយពួកគេសម្លឹងមើលនរណាមួយដែលងាយស្រួលចូលជិត ជាពិសេស អ្នកស្រវឹង។ អាចជាការលូកបន្លំ ប៉ះស្ទាប បើមានឱកាស ល្បួងយកទៅក្រៅតែម្តង។
៤. នាំយករបស់មិនល្អបង្កគ្រោះថ្នាក់៖ ទំនងជាការមិនពេញចិត្ត ឬមានក្តីក្តាំងជាមួយម្ចាស់កម្មវិធី ជួនកាលជនទាំងនេះអាចត្រូវបានគេប្រើប្រាស់ចូលមកបង្កបញ្ហាធ្វើឱ្យខូចខាតកម្មវិធី។ ពួកគេអាចយកឧបករណ៍គ្រោះថ្នាក់ផ្សេងៗដូចជាអាវុធ ឬមួយសារធាតុពុលជាដើម។
៥. តាមប្រមាញ់៖ ពេលខ្លះជននេះមិនមានបំណងចំពោះកម្មវិធី ប៉ុន្តែពួកគេមកតាមប្រមាញ់បុគ្គលណាម្នាក់ដែលចូលរួមកម្មវិធី។ ដូច្នេះបើមានបញ្ហា វានឹងបង្កចលាចលដល់ភ្ញៀវ និង កម្មវិធីទាំងមូល៕