ចុងឆ្នាំ ២០២៤! នីហ្សេរីយ៉ា ប្រទះហេតុការណ៍រត់ជា.ន់គ្នានៅកម្មវិធីពិព័រណ៌កម្សាន្តសាលារៀនមួយ ធ្វើឱ្យក្មេ-ងៗខ្ទង់ ៣០ នាក់ស្ល-ា./ប់
កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ក្មេងៗប្រមាណជា ៣០ នាក់ត្រូវបានស្លាប់យ៉ាងរន្ធត់ក្រោយមានការរត់ជាន់គ្នានៅឯកម្មវិធីពិព័រណ៌កម្សាន្តរបស់សាលារៀនមួយនៅភាគនារតី ប្រទេសនីហ្សេរីយ៉ា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BNO News។
តាមការបញ្ជាក់ពីប៉ូលិសកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅបានឱ្យដឹងថា យ៉ាងហោចណាស់ក្មេងៗ ៣៥ នាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីតាំងពិព័រណ៌សាលាអនុវិទ្យាល័យ Basorun Islamic Secondary School នាក្រុង Idaban ប្រទេសនីហ្សេរីយ៉ា។
មុនកើតហេតុ អ្នករៀបចំកម្មវិធីតាំងពិព័រណ៌នោះបានធ្វើការប្រកាសថា ក្មេងៗដែលចូលរួមនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន អាហារូបករណ៍ ប្រាក់ និង រង្វាន់ពិសេសៗមួយចំនួនទៀត ដែលជាហេតុធ្វើឱ្យក្មេងៗសិស្សសាលាប្រមាណ ៥ ពាន់នាក់បាននាំគ្នាភ្លូកទឹកភ្លូកដីទៅពិធីពិព័រណ៌នោះបង្កជាការកកកុញរហូតជាន់គ្នាស្លាប់រដូករណែលបែបនេះ។ ប៉ូលិសបានធ្វើការឃាត់ខ្លួនមនុស្ស ៨ នាក់ដែលពាក់ព័ន្ធនឹងសោកនាដកម្មរត់ជាន់គ្នានេះ និង បានបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់។
គួរបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ាគឺជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងររាប់ឆ្នាំមកហើយ ដោយក្នុងឆ្នាំនេះឃើញថាមានករណីរត់ជាន់គ្នាជាច្រើនដែលពាក់ព័ន្ធទៅនឹងកម្មវិធីមួយចំនួនដែលមានការចែកកាដូ និង ប្រាក់បែបនេះដើម្បីឱ្យមានមនុស្សមកចូលរួមច្រើន។ ជាក់ស្ដែង កាលពីខែមីនាកន្លងទៅ មនុស្សរាប់ពាន់នាក់បានរត់ជាន់គ្នាដើម្បីទៅយកអាហារដែលរដ្ឋាភិបាលចែកឱ្យនៅមហាវិទ្យាល័យ Nasarawa បណ្ដាលឱ្យសិស្ស ២ នាក់បានស្លាប់ និង ២៣ នាក់ផ្សេងទៀតបានរងរបួស៕