រដ្ឋាភិបាលក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានប្រកាសចេញយុទ្ធនាការមួយជំរុញឱ្យពលរដ្ឋរបស់ខ្លួនធ្វើការពាក់ម៉ាស់ការពាររយៈពេល ២ សប្ដាហ៍ ខណៈវីរុសផ្ដាសាយកំពុងបន្តរាតត្បាតខ្លាំងមិនទាន់ថមថយ។
ជាមួយគ្នានោះដែរ ខាងក្រុងក៏បានពង្រីកបន្ថែមនូវការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋក្នុងក្រុង ជាពិសេសទៅលើក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដូចជាក្មេងៗអាយុ ៦ ខែដល់ក្រោម ១៣ ឆ្នាំ ស្ត្រីមានផ្ទៃពោះ និង ពលរដ្ឋចំណាស់អាយុ ៦៥ ឆ្នាំឡើងទៅ។ បន្ថែមពីនេះ បុគ្គលិកបម្រើការនៅកន្លែងថែទាំមនុស្សចាស់ជរា និង ឆ្មបនៅតាមមណ្ឌលថែទាំអ្នកជំងឺក្រោយសម្រាលក៏នឹងត្រូវផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយដោយឥតគិតថ្លៃដូចគ្នាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC) ប្រចាំប្រទេសកូរ៉េ បានលើកឡើងថា ការរាតត្បាតជំងឺផ្ដាសាយបានរីករាលដាលឆ្លងក្នុងប្រទេសស្របពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដោយការរាលដាលឆ្លងនោះមានវីរុសផ្ដាសាយផ្សេងៗដូចជាវីរុស A/H1N1, A/H3N2 ឬ RSV (វីរុសពាក់ព័ន្ធផ្លូវដង្ហើម) និង ជាពិសេសនោះ ចំនួនអ្នកជំងឺដែលកើតមានវីរុសកូវីដ-១៩ ដែលបានថមថយទៅនោះ ក៏បានកើនឡើងវិញកាលពីមួយខែមុនផងដែរ។
គួរឱ្យដឹងថា ពលរដ្ឋកូរ៉េខាងត្បូងជាច្រើនបានបង្ហាញក្ដីបារម្ភថាវីរុសផ្ដាសាយអាចនឹងផ្ទុះឡើងខ្លាំងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន/កូរ៉េ/វៀតណាម ខាងមុខនេះ។ ពាក់ព័ន្ធនឹងក្ដីកង្វល់របស់ពលរដ្ឋនេះដែរ លោក Park Min-soo អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា ខាងក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងតំបន់ និង អង្គភាពផ្នែកវេជ្ជសាស្ត្រដើម្បីត្រៀមខ្លួនឱ្យបានហ្មត់ចត់ក្នុងការឆ្លើយតបជាបន្ទាន់ក្នុងករណីមានការផ្ទុះឆ្លងវីរុសផ្ដាសាយអំឡុងរដូវកាលបុណ្យចូលឆ្នាំនៅប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រភព៖ Kenh14