(វីដេអូ) ធ្លាយវីដេអូចាស់មួយ Justin ឱនមុខចុះដោយការភ័យខ្លាច ពេលត្រូវ Diddy ប៉ះពាល់ខ្លួននៅទីសាធារណៈ
រឿងអាស្រូវជុំវិញករណីរំលោភ និង ជួញដូរផ្លូវភេទនៃតារារ៉េប Diddy នៅតែជាប្រធានបទដ៏ក្ដៅរងំ កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់នៃភាពខ្មៅងងឹតពីក្រោយឧស្សាហកម្មកម្សាន្តក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះដែរ មហាជនជាច្រើនបានជឿជាក់ថា តារាចម្រៀង Justin Bieber គឺជាជនរងគ្រោះម្នាក់របស់តារារ៉េបខាងលើនេះ ហើយវីដេអូចាស់ៗមួយចំនួនរបស់ Justin និង Diddy ក៏ត្រូវបានមហាជនគាស់កកាយឡើងមកវិញ ដែលបង្ហាញឱ្យឃើញថា Justin ធ្លាប់ជួបបញ្ហាឈឺចាប់បែបណាកាលពីក្មេងនោះ។ គ្រប់គ្នាជឿជាក់ថា Justin មានបញ្ហាផ្លូវចិត្ត និង ផ្ដាច់ខ្លួនពី Diddy ច្រើនឆ្នាំមកនេះក៏ដោយសារតែរឿងនេះឯង។
ខណៈវីដេអូមួយចំនួនបានចែកចាយហើយនោះ ថ្មីៗនេះវីដេអូមួយទៀតដែលថតកាលពីឆ្នាំ ២០២១ កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងជាថ្មី។ វីដេអូនោះដែរជាវីដេអូរបស់ Justin Bieber ជួបគ្នាជាមួយសិល្បកររៀមច្បងរបស់ខ្លួន ដោយដំបូងឡើយពួកគេបានឱបគ្នារាក់ទាក់ដាក់គ្នាធម្មតា ប៉ុន្តែភ្លាមៗមិនបានប៉ុន្មាន ស្នាមញញឹមលើមុខរបស់ Justin ក៏បានបាត់រលុបទៅទាំងស្រុង ខណៈ Diddy បានធ្វើការប៉ះពាល់រូបរាងកាយរបស់ Justin ដែលធ្វើឱ្យគេមិនស្រួលចិត្តជាខ្លាំង។
Justin ហាក់នៅមានការភ័យខ្លាច គិតតែពីឱនមុខចុះ ស្ងៀមស្ងាត់ មិនតបតអ្វីឡើយ នៅតែបន្តឱ្យ Diddy ប៉ះពាល់បៀតបៀនខ្លួនទាំងខ្លួនឯងធ្វើអ្វីមិនបាន។ ដូចដែលបានឃើញក្នុងវីដេអូ Justin គឺពេញជំទង់ទៅហើយ ប៉ុន្តែរូបលោកនៅតែភ័យខ្លាច Diddy ខ្លាំង ធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការអាណិតចំពោះ Justin ជាខ្លាំង ដោយមិនដឹងថាលោកបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះរហូតសឹងបាក់ស្បាតបែបនេះ។
គួរឱ្យដឹងថា កាលពីឆ្នាំ ២០០៨ Justin បានចុះកុងត្រាជាមួយផលិតកម្ម RBMG Music label ដោយពេលនោះហើយ Diddy និង Justin ចាប់ផ្ដើមមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាខ្លាំង និង បានសហការច្រៀងចម្រៀងរួមគ្នាបទ «Moments» ដែលចេញជាផ្លូវការកាលពីឆ្នាំមុននេះ។ ក្រៅពីវីដេអូខាងលើ អ្នកគាំទ្រជាច្រើនក៏បានចែកចាយវីដេអូសម្ភាសកាលពីឆ្នាំ ២០០៨ រវាង Diddy និង Justin ផងដែរ ដោយក្នុងវីដេអូនោះ Diddy បាននិយាយថារូបលោកចំណាយពេល ៤៨ ម៉ោងជាមួយ Justin តែ ២ នាក់ ដោយពេលនោះ Justin មានវ័យត្រឹម ១៤ ឆ្នាំប៉ុណ្ណោះ។ អ្នកគាំទ្របារម្ភថាទំនាក់ទំនងកាលពីពេលនោះបានជះឥទ្ធិពលមិនល្អដល់សុខភាពផ្លូវចិត្តរបស់ Justin។
ការសង្ស័យចំពោះភាពខ្មៅងងឹតនៃទំនាក់ទំនងរបស់ Justin និង Diddy នៅមិនទាន់អស់នោះទេ ដោយអ្នកគាំទ្រមួយចំនួនទៀតបានគិតថា MV បទ «Yummy» របស់ Justin ក៏មានបង្កប់សារពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទក្នុងវិស័យកម្សាន្តអាមេរិកនេះដែរ។ ដូចដែលបានឃើញក្នុងវីដេអូ ភាគច្រើនបង្ហាញពីក្រុមមនុស្សអ្នកមានទ្រព្យអង្គុយសប្បាយក្នុងពិធីជប់លៀង ខណៈវត្តមានរបស់ Justin មិនមែនជាភ្ញៀវ តែជាអាហារដែលរង់ចាំឱ្យគេមកភ្លក់សប្បាយ៕