បាក់ស្ពាននៅភាគខាងជើងប្រទេសវៀតណាមធ្លាក់ឡានម៉ូតូជាច្រើនចូលទន្លេ បាត់ខ្លួនមនុស្ស ១៣ នាក់
យ៉ាងហោចណាស់រថយន្តចំនួន ១០ និង ម៉ូតូ ២ គ្រឿងបានធ្លាក់ចូលក្នុងទឹកទន្លេ ក្រោយស្ពាន Phong Chau នៅខេត្ត Phu Tho ភាគខាងជើងប្រទេសវៀតណាមបានបាក់ដាច់កាលពីព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ស្របពេលភ្លៀងធ្លាក់ខ្លាំងជោគជាំដោយសារព្យុះសង្ឃរា យាកជី។
តាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc នៅរសៀលថ្ងៃទី ០៩ ខែកញ្ញានេះ បានឱ្យដឹងថា មនុស្សចំនួន ៤ នាក់ត្រូវបានជួយសង្គ្រោះ ខណៈ ១៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បាក់ស្ពាននេះដែរកើតឡើងនៅវេលាម៉ោងប្រមាណ ១០ ព្រឹក ដោយបច្ចុប្បន្នខាងខេត្តកំពុងដាក់បញ្ជាកងកម្លាំងឱ្យចុះប្រតិបត្តិការជួយសង្គ្រោះអ្នកដែលកំពុងបាត់ខ្លួន រួមទាំងសម្រួលដល់ដំណើរការចរាចរណ៍ផងដែរ។
គួរបញ្ជាក់ថា ស្ពាន Phong Chau បានសាងសង់រួចរាល់ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥។ ស្ពាននេះដែរមានប្រវែង ៣៧៥.៣៦ ម៉ែត្រ មានទីតាំងលើដងផ្លូវជាតិ 32C តភ្ជាប់ក្រុង Viet Tri និង ស្រុក Lam Thao រួមជាមួយស្រុក Tam Nong, Thanh Thuy, Thanh Son និង Tan Son ក៏ដូចជាបណ្ដាខេត្ត Hao Binh និង Son La ផងដែរ៕
ប្រភព៖ theinvestor.vn