ក្រោយបែកគ្នា គ្រីស ឌីវ៉ា កាន់តែខ្លាំងជាមុន សម្ពោធជំនួញថ្មីជាហាងកាត់សម្លៀកបំពាក់ផ្ទាល់ខ្លួន
ដូចប្រិយមិត្តបានជ្រាប កន្លងមក គ្រីស ឌីវ៉ា បានធ្វើការប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបញ្ចប់ទំនាក់ទំនងជាមួយគូស្នេហ៍ ឌីជេ អេឡិច ដែលបានសាងស្នេហ៍រួមគ្នាអស់រយៈពេល ៨ ឆ្នាំ។ ថ្វីត្បិតលែងបន្តដំណើរលើវិថីស្នេហាជាមួយគ្នា ប៉ុន្តែ គ្រីស បានលើកឡើងថា នាង និង ឌីជេ អេឡិច នៅតែបន្តទំនាក់ទំនងក្នុងនាមជាមិត្តភក្តិល្អ និង ដៃគូសហការ។
ចែកផ្លូវគ្នាស្ងប់ស្ងាត់ប្រមាណពីរខែត្រឹម ថ្មីៗនេះ គ្រីស បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តឡើងវិញ ដោយស្ងាត់ៗនាងបានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុក បង្ហាញពីការបើកហាងកាត់សម្លៀកបំពាក់ថ្មីមួយ ក្រោមម៉ាកហីហោជាឈ្មោះរបស់នាងផ្ទាល់ គឺ Christ Diva ។ ការបង្ហាញខ្លួនជាថ្មីក្នុងនាមជាមនុស្សឯករាជ្យ គ្រីស ហាក់មើលមករីករាយជាងមុន ជឿជាក់ជាងមុន ហើយក៏មានសាច់ មានឈាមជាងមុន គួរឱ្យស្រលាញ់ផងដែរ។
ជាមួយវីដេអូបើកហាងកាត់សម្លៀកបំពាក់នេះ ប្រិយមិត្តអ្នកគាំទ្រ ក៏ដូចជាសិល្បកររួមអាជីពជាច្រើនបានចូលទៅ Comment អបអរសាទរនាងជាហូរហែ។ នេះបង្ហាញឱ្យឃើញថា ថ្វីបើនាងគ្មានស្នេហា នាងនៅតែរឹងមាំ ហើយអាចចាប់ផ្តើមជីវិតថ្មីជាមួយអ្វីដែលល្អប្រសើរ៕