មុនគ្រីសម៉ាស់មួយថ្ងៃ តួអេហ្វែលនៅបារាំងផ្អើលមានអគ្គិភ័យ មនុស្សជាង ១ ពាន់នាក់ត្រូវជម្លៀសចេញបន្ទាន់
កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មានការផ្ទុះផ្អើលថាមានអគ្គិភ័យមួយបានឆាបឆេះចេញពីជណ្ដើរយន្តចន្លោះជាន់ទី ១ និង ជាន់ទី ២ នៃប៉មតួអេហ្វែល ប្រទេសបារាំង បង្កជាចលាចលជម្លៀសមនុស្សរាប់ពាន់នាក់ភ្លាមៗ។
តាមសារព័ត៌មាន The Mirror បានទម្លាយប្រភពបង្កជាអគ្គិភ័យនេះថា៖ «មូលហេតុនោះគឺបណ្ដាលមកពីការបញ្ហាខុសបច្ចេកទេសរបស់ជណ្ដើរយន្ត។ ដើមហេតុដោយសារមានកំហុសបច្ចេកទេសនៅចន្លោះជាន់ទី ២ និង កំពូលប៉ម ដែលបណ្ដាលឱ្យប្រព័ន្ធប្រកាសសញ្ញាណអគ្គិភ័យ (Fire Alarm System) រោទិ៍ឡើងនៅវេលាម៉ោង ១០ និង ៥០ នាទីព្រឹក។ ដើម្បីជាការធានាសុវត្ថិភាព ខាងក្រុមការងារក៏បានធ្វើការជម្លៀសអ្នកឡើងតួអេហ្វែលទាំងអស់ចេញសិន»។
តាមព័ត៌មានបានបញ្ជាក់បន្ថែមថា៖ «តាមពិតទៅគ្មានអគ្គិភ័យអ្វីកើតឡើងនោះទេ ហើយក៏គ្មានអ្នកទេសចរណាម្នាក់ជួបគ្រោះថ្នាក់នោះដែរ ប៉ុន្តែដោយសារតែមានការជម្លៀសចេញ ទើបបង្កជាភាពចលាចលស្លន់ស្លោបែបនេះ។ បច្ចុប្បន្ន ប៉មតួអេហ្វែលរបស់ប្រទេសបារាំងបានបើកដំណើរការឡើងវិញហើយ ក្រោយស្ថានការណ៍បានប្រសើរវិញ»៕