ជោគជ័យជាប្រវត្តិសាស្ត្រ! រ៉ុក្កែតយក្សរបស់ក្រុមហ៊ុន SpaceX អាចចុះចតមកកាន់ជើងទម្រវិញបានដោយរលូនបំផុត
ជាភាពជោគជ័យដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុន SpaceX ដែលការតេស្តនាវាអវកាស Starship លើកទី ៥ និង រ៉ុក្កែត Super Heavy Booster ទទួលបានជោគជ័យសឹងតែ ១០០% ក្នុងការតេស្តលើកនេះ។
កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ វេលាម៉ោង ១២ និង ២៥ នាទីថ្ងៃត្រង់ (ពេលវេលាក្នុងតំបន់) ក្រុមហ៊ុន SpaceX បានធ្វើការតេស្តនាវាអវកាស Starship ជាលើកទី ៥ ចេញពីមូលដ្ឋានអវកាសនៅរដ្ឋ Texas។ ការតេស្តលើកនេះដែរ ក្រុមហ៊ុន SpaceX ទទួលបានភាពជោគជ័យជាប្រវត្តិសាស្ត្រមួយដោយរ៉ុក្កែតយក្ស Super Heavy Booster បានវិលត្រឡប់មកចុះចតលើជើងទម្រដែលមានដៃរ៉ូបូតចាប់វិញបានដោយរលូនបំផុត។
ពោលទាំងក្ដីរំភើបរីករាយឥតឧបមា លោកស្រី Kate Tice អ្នកគ្រប់គ្រងប្រព័ន្ធគុណភាពប្រចាំក្រុមហ៊ុន SpaceX បានពោលអំឡុងពេលកំពុងឡាយផ្ទាល់ថា៖ «នេះជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់វិស្វកម្ម។ វាពិតជាមិនគួរឱ្យជឿនោះទេ។ ក្នុងការសាកល្បងដំបូង ពួកយើងអាចបញ្ជារ៉ុក្កែត Super Heavy Booster ឱ្យត្រឡប់ចុះមកកាន់ជើងទម្រវិញបានដោយជោគជ័យ»។ ក្រៅពីជោគជ័យលើការចាប់រ៉ុក្កែតត្រឡប់មកជើងទម្រវិញនេះដែរ ក្រុមហ៊ុន SpaceX ក៏ជោគជ័យលើការចុះចត (ដោយការកម្ទេចខ្លួន) នាវាអវកាស Starship លើផ្ទៃសមុទ្រឥណ្ឌាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX បង្កើតនាវាអវកាស Starship នេះឡើងក្នុងបំណងជួយមនុស្សក្នុងការធ្វើអាណានិគមលើភពព្រះចន្ទ និង ភពអង្គារ។ នាវាអវកាស Starship ច្នៃបង្កើតឡើងដើម្បីអាចប្រើប្រាស់បានឡើងវិញ កាត់បន្ថយពេលវេលារវាងពេលហោះហើរ និង កាត់បន្ថយការចំណាយ៕