Dilraba លែងខឹងនឹងចចាមអារ៉ាមថានាងមានកូន តែបែរគិតថាជារឿងកំប្លែងទៅវិញ
ដូចដែលធ្លាប់បានចុះផ្សាយមកហើយ បើទោះជាតារាសម្ដែងស្រី Dilraba Dilmurat បាននិយាយបកស្រាយនៅក្នុងការ Live ផ្ទាល់ ដោយបដិសេធអំពីពាក្យចចាមអារ៉ាមថានាងមានផ្ទៃពោះកាលដើមឆ្នាំ ២០២៣ ក៏ដោយ ក៏នៅមានមនុស្សភាគច្រើននៅតែមិនជឿលើសម្ដីរបស់នាងនោះដែរ។
យ៉ាងណាមិញ រហូតមកដល់ខែមីនានេះ បើតាមការចុះផ្សាយនៅក្នុងទស្សនាវដ្តីម៉ូដ L’Officiel ក៏បានបង្ហាញអំពីបទសម្ភាសជាមួយនឹងតារាស្រីរូបនេះផងដែរ ក្នុងនោះ Dilraba បាននិយាយអំពីសម្ពាធនៃការក្លាយជាតារាល្បីក្នុងវិស័យកម្សាន្តរបស់ចិននាបច្ចុប្បន្ន។
ជាមួយគ្នានោះ តារាស្រីរូបនេះក៏បានលើកយករឿងចចាមអារ៉ាមដែលបានកើតឡើងលើខ្លួននាងកាលពីដើមឆ្នាំ ២០២៣ ដោយនិយាយថា ដំបូងឡើយ នាងមានការខឹងសម្បាដល់អ្នកដែលចេញផ្សាយរឿងមិនពិតទាំងនោះ ប៉ុន្តែក្រោយមក នាងក៏គិតឡើងវិញថា នេះគ្រាន់តែជារឿងកំប្លែងមួយប៉ុណ្ណោះ។
លើសពីនេះ Dilraba បានបកស្រាយទៀតថា កាលពីចុងឆ្នាំ ២០២២ ក្រុមការងារបានពន្យារពេលថតរឿង ដូច្នេះហើយទើបនាងចង់ជូនកាដូដល់ខ្លួនឯងដោយទៅវិស្សមកាល ហើយគឺជាការសម្រាកដែលមានរយៈពេលយូរចាប់តាំងពីនាងប្រឡូកក្នុងវិស័យសិល្បៈ៕