អតីតឪពុកក្មេក Yang Mi ចេញមុខបដិសេធរឿង Hawick Lau មានស្នេហាថ្មី តែបែរបោះពាក្យ ចង់ឃើញកូនរៀបការម្ដងទៀត
កាលពីពេលថ្មីៗនេះកន្លងទៅ តារាសម្ដែងប្រុស Hawick Lau ត្រូវបានគេប្រទះឃើញកាន់ដៃស្រីស្អាតមួយរូប បណ្តើរតាមផ្លូវសាធារណៈ ដែលគេស្គាល់ថាជាតារាសម្តែងស្រី Una។ បើតាមព័ត៌មានឱ្យដឹងថា អ្នកទាំងពីរមិនបានមានគម្រោងថតក្នុងរឿងភាគអ្វីឡើយ។
ជាហេតុធ្វើឱ្យរូបថតនោះ ត្រូវគេចែកចាយពេញលើប្រព័ន្ធអ៊ីនធឺណេត បង្ហាញឱ្យឃើញច្បាស់ពីមុខមាត់របស់ Hawick Lau បណ្តើរគ្នាយ៉ាងត្រសងញញឹមញញែមជាមួយនឹងនារីរូបស្អាតម្នាក់នោះ ទាំងមិនបានពាក់ម៉ាស់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានមតិមួយចំនួនមិនជឿថា តារាប្រុសរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Una នោះទេ ដោយសារតែនាងបានរៀបការទៅហើយ។ បន្ទាប់ពីរូបថតនេះ ត្រូវបានបង្ហោះសាយភាយពេញលើបណ្តាញសង្គម ក្នុងនោះ អ្នកចាត់ការទូទៅរបស់ Una បានបដិសេធភ្លាមៗចំពោះពាក្យចចាមអារ៉ាមនេះ ហើយបានព្រមានទាំងក្តៅឆួលចំពោះអ្នកបញ្ចេញព័ត៌មានទាំងនេះ។
ផ្ទុយពីប្រតិកម្មរបស់តារាស្រីវ័យ ៣០ឆ្នាំរូបនេះ លោក Hawick Lau មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះនោះទេ ប៉ុន្តែឪពុករបស់លោក ជាអ្នកចេញមុខបដិសេធជំនួសកូនប្រុស ដោយអះអាងថា កូនគាត់មិនបានណាត់ជួបអ្នកណានោះទេ។ លើសពីនេះ គាត់ថែមទាំងសប្បាយចិត្តខ្លាំងទៅវិញ ប្រសិនបើកូនប្រុសលោក Hawick Lau បានរៀបការម្តងទៀតមែន ព្រោះគាត់ចង់ឃើញកូនស្វែងរកសុភមង្គល និងមានគូជីវិតល្អ រស់នៅបានចុះសម្រុងគ្នា៕