Diddy បង្ហាញខ្លួនក្នុងសវនាការដំបូង មានម្ដាយ និង កូនៗមកចូលរួមលើកកម្លាំងចិត្ត
កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តារារ៉េប Diddy បានបង្ហាញខ្លួនលើកដំបូងក្នុងសវនាការជុំវិញករណីបទឧក្រិដ្ឋផ្លូវភេទមួយចំនួន ដោយមានការចូលរួមលើកទឹកចិត្តពីម្ដាយ និង កូនៗទាំង ៦ នាក់របស់លោក។
តាមសារព័ត៌មាន NY Post បានចេញផ្សាយថា ម្ដាយតារារ៉េប Diddy លោកស្រី Janice Combs និង កូនៗបង្កើតរបស់លោក ៦ នាក់រួមមាន Justin Combs, King Combs, Chance Combs និង កូនស្រីភ្លោះ Jessie Combs និង Dalila Star Combs បាននាំគ្នាចេញពីរដ្ឋ Florida ទៅកាន់តុលាការសហព័ន្ធអាមេរិក នៅ Manhattan។ ជាមួយគ្នានោះដែរ Quincy Brown ដែលជាកូនចុងរបស់ Kim Porter អតីតមិត្តស្រី Diddy ដែលលោកទទួលធ្វើកូនចិញ្ចឹមក៏បង្ហាញខ្លួនចូលរួមផងដែរ។
តាមប្រភពមួយជិតស្និទ្ធនឹងក្រុមគ្រួសារលោក Diddy បាននិយាយងា កូនរបស់លោកគឺរីករាយនឹងមកគាំទ្រលើកទឹកចិត្តឪពុករបស់ពួកគេ។ ក្នុងនោះដែរ សារព័ត៌មាន NY Post ក៏កត់សម្គាល់ឃើញថា Diddy មើលទៅមានសភាពធម្មតានៅក្នុងតុលាការ ដោយលោកបានបង្ហាញក្ដីស្រឡាញ់ចំពោះក្រុមគ្រួសារ។ លោកញញឹម លើកដៃគ្រវីដាក់កូនប្រុស King Combs ទៅឱបមេធាវីការពារក្ដី និង ថែមទាំងផ្ដល់ស្នាមថើបពីចម្ងាយ និយាយថា៖ «កូនស្រឡាញ់ម៉ាក់» ដដែលច្រើនដងទៅកាន់ម្ដាយរបស់លោកទៀតផង មុនពេលនាំខ្លួនត្រឡប់ចូលពន្ធនាគារវិញនោះ។
សារព័ត៌មាន NY Post បានឱ្យដឹងទៀតថា ការបើកសវនាការរយៈពេល ៤៥ នាទី ត្រូវបានដឹកនាំដោយចៅក្រម Arun Subramanian។ ក្នុងសវនាការនោះដែរ រដ្ឋអាជ្ញា Emily Johnson បាននិយាយថា ខាងការិយាល័យរបស់នាងនឹងដាក់បណ្ដឹងបន្ថែមទៀតលើលោក Diddy ដោយសង្កត់ធ្ងន់ថា ការស៊ើបអង្កេតនៅមិនទាន់បញ្ចប់នៅឡើយទេ។ នាងបានលើកឡើងថា អាជ្ញាធរកំពុងបង្វែរភស្តុតាងទៅឱ្យខាងក្រុមច្បាប់របស់ Diddy ដោយបន្ថែមថា កងកម្លាំងសន្តិសុខបានរឹបអូសបានឧបករណ៍អេឡិចត្រូនិចចំនួន ៩៦ គ្រឿង អំឡុងពេលចុះទៅឆែកឆេរផ្ទះ Diddy នៅ Los Angeles និង Miami កាលពីខែមីនាកន្លងទៅនោះ។
លោកស្រី Johnson ក៏បានរិះគន់លើក្រុមច្បាប់លោក Diddy បន្ថែមទៀតជុំវិញការស្នើដីការបស់តុលាការឱ្យរារាំងរដ្ឋអាជ្ញា រួមទាំងភ្នាក់ងារសហព័ន្ធក្នុងការបង្ហាញព័ត៌មានអំពីករណីនេះទៅកាន់ប្រព័ន្ធសារព័ត៌មានក្នុងឯកសារតុលាការដែលបានដាក់កាលពីថ្ងៃទី ០៩ ខែតុលាកន្លងទៅ។
ក្នុងឯកសារនោះ មេធាវីរបស់លោក Diddy បានចោទប្រកាន់មកលើរដ្ឋាភិបាលសហព័ន្ធលើការផ្ដល់វីដេអូទៅឱ្យសារព័ត៌មាន CNN ដែលជាវីដេអូ Diddy វាយដំលើមិត្តស្រីលោក Cassie ក្នុងសណ្ឋាគារកាលពីឆ្នាំ ២០១៦។ លោកស្រី Johnson បាននិយាយថា ការដាក់ស្នើនេះគឺជាវិធីសាមញ្ញមួយសម្រាប់មេធាវីការពារក្ដីក្នុងការច្រានចោលភស្តុតាង។
គួរបញ្ជាក់ថា សវនាការបន្ទាប់របស់តារារ៉េប Diddy ត្រូវបានតុលាការកំណត់យកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខ៕