ស្រឡាញ់គ្នា ១១ ឆ្នាំ Nadech ទើបតែប្រាប់ថាធ្លាប់លួចប្រចណ្ឌ Yaya ជាមួយនឹងតារាប្រុសរូបនេះ
អាចជារឿងអាថ៌កំបាំងមួយសម្រាប់គូស្នេហ៍ Goal ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Nadech Kugimiyas និង ស្រីស្រស់ Yaya Urassaya ដែលស្រឡាញ់គ្នាមក ១១ ឆ្នាំតែពុំមានមហាជនណាមួយបានដឹងពីអារម្មណ៍តារាប្រុស Nadech ខណៈដែលសង្សារបណ្ដូលចិត្តទៅសម្ដែងជាមួយនឹងតារាប្រុសដទៃ។
ក្នុងនោះ កាលពីពេលថ្មីៗនេះ ប្រុសស្អាតថ្ពាល់ខួច Nadech បានចូលរួមក្នុងកម្មវិធីជជែកកម្សាន្តមួយរបស់តារាប្រុស Nicky Nachat ហើយត្រូវគេសួរពីចំណាប់អារម្មណ៍ ថាតើធ្លាប់ប្រចណ្ឌគូស្នេហ៍ជាមួយនឹងអ្នកដទៃដែរឬទេ?
ស្តាប់សំណួរចប់ភ្លាម Nadech ស្រាប់តែឆ្លើយភ្លែតឥតលាក់លៀមថា៖ «តាមពិតទៅលោកជាមនុស្សឆាប់អន់ចិត្ត តូចចិត្ត និង ប្រចណ្ឌណាស់។ ជាការពិត រាល់សកម្មភាពដែលសង្សាររបស់លោកនៅជិតតារាប្រុសដទៃ លោកបានដឹងហើយថា វាជាការងារ ឬ ភាពស្និទ្ធស្នាលបែបមិត្តភក្តិ តែពេលខ្លះលោកនៅតែធ្វើចិត្តមិនបាន»។
លើសពីនោះ ប្រុសស្អាតរូបនេះក៏បានបន្តថា ៖ «សូម្បីតែតារាប្រុស Mario ក៏លោកធ្លាប់កើតក្តីប្រចណ្ឌដែរ តែវាមិនមែនជាការប្រចណ្ឌខឹងអ្វីទេ គ្រាន់តែជាអារម្មណ៍មនុស្សទូទៅ មួយឆាវ ហើយក៏បាត់ទៅវិញ មិនបានយកទៅគិតគុំកួនឡើយ»៕