នៅកូរ៉េខាងជើង ដាក់ច្បាប់បើអ្នកណានិយាយគ្រាមភាសាកូរ៉េខាងត្បូង នឹងរងទារុណកម្មស្មានមិនដល់
បច្ចុប្បន្ននេះយុវវ័យ ជាពិសេសនិស្សិតនៅក្នុងប្រទេសកូរ៉េខាងជើង ការលបលួចចូលមើលរឿងភាគ និង ខ្សែភាពយន្តរបស់កូរ៉េខាងត្បូងដោយសម្ងាត់ បានរីករាលដាលយ៉ាងទូលំទូលាយ ដែលជាហេតុធ្វើឱ្យពួកគេមួយចំនួនរងឥទ្ធិពលក្នុងការប្រើប្រាស់គ្រាមភាសារបស់កូរ៉េខាងត្បូង និង និយាយគ្នាលាយឡំជាមួយភាសាអង់គ្លេស។
ក្នុងនោះ ច្បាប់ការពារភាសាវប្បធម៌ក្រុងព្យុងយ៉ាង ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី ៨ នៃសភាប្រជាជនកំពូលលើកទី ១៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៧ និង ១៨ ខែមករា ឆ្នាំ ២០២៣ នេះ ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់ «មិនរាប់បញ្ចូលមនោគមវិជ្ជា និង ប្រតិកម្មវប្បធម៌» ដោយហាមប្រាមមានការបោះពុម្ព ឬ ចាក់ផ្សាយវីដេអូបរទេស និង ចម្រៀង ព្រមទាំងដាក់ទណ្ឌកម្មអ្នកដែលបំពានច្បាប់នោះផងដែរ។
យោងតាមសេវាស៊ើបការណ៍សម្ងាត់ជាតិ បានឱ្យដឹងថា អាជ្ញាធរកូរ៉េខាងជើងកំពុងបង្រ្កាបយុវជនដែលប្រើពាក្យកូរ៉េខាងត្បូងដូចជា ពាក្យ Nam-Chin (មានន័យថាមិត្តប្រុស) ពាក្យ Oppa ឬ Ja-Gi-Ya (មានន័យថា សំណព្វចិត្ត) និង ពាក្យផ្សេងៗជាច្រើនទៀត។
អ្នកជំនាញបានពន្យល់បន្ថែមថា ៖ «លោក គីម ជុងអ៊ុន ប្រហែលជាមានអារម្មណ៍ថា មូលដ្ឋានគ្រឹះនៃជាតិកំពុងដួលរលំ ប្រសិនបើទម្លាប់ភាសាក្នុងប្រទេសចាប់ផ្តើមធ្លាក់ចុះ»។ ជាមួយគ្នានោះ អាជ្ញាធរកូរ៉េខាងជើង បង្កើនការបង្រ្កាបនិស្សិតមហាវិទ្យាល័យលើការប្រើប្រាស់គ្រាមភាសារបស់កូរ៉េខាងត្បូង ដោយទណ្ឌកម្មត្រូវបញ្ជូនទៅអណ្ដូងរ៉ែធ្យូងថ្ម ដើម្បីធ្វើការជីករករ៉ែ៕