កំពូលម៉ាក់ៗ! Honey Lee និង Son Ye Jin ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរ ប្រឹងធ្វើការទាំងកំពុងពពោះ
អាចនិយាយបានថាសម្រាប់ឆ្នាំ ២០២២ នេះជាឆ្នាំដ៏ប្រពៃ ព្រោះនៅក្នុងវិស័យសិល្បៈកូរ៉េខាងត្បូងមានតារាស្រីកំពូលៗ ២ រូបដែលមានផ្ទៃពោះ ក្លាយជាម្ដាយរបស់កូនហើយ នៅតែបន្តប្រឹងប្រែងធ្វើការក្នុងអាជីពរៀងខ្លួន។
ជាក់ស្ដែងដូចជា តារាសម្ដែងស្រី Son Ye Jin និង Honey Lee ដែលបច្ចុប្បន្នក្លាយជាម្ដាយរបស់គេហើយ ប៉ុន្តែមិនទាន់ទម្លាក់ដៃក្នុងវិស័យកម្សាន្តនៅឡើយទេ។
ដោយឡែក សម្រាប់តារាស្រី Honey Lee បានសម្រាលកូនស្រីហើយ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ប៉ុន្តែរយៈពេលមួយខែមុននឹងសម្រាលកូន តារាស្រីរូបនេះបានក្តោបឱកាសបង្ហាញមុខលើក្របទស្សនាវដ្តីដ៏ល្បី «Vogue Korea» ឆ្លៀតបង្អួតសម្រស់ និង រូបរាងរបស់នាង ក្នុងពេលកំពុងពពោះយ៉ាងមានទំនុកចិត្ត។
ចំណែកឯខាងតារាសម្ដែងស្រី Son Ye Jin ទើបតែបានប្រកាសពីដំណឹងថានាងមានផ្ទៃពោះកូនដំបូង កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។ រយៈពេល ២ ខែមកនេះ តារាស្រីរូបនេះនៅតែទទួលការងារមិនឈប់ រហូតដល់នាងត្រូវបានគេចាត់ទុកថាជាតារាស្រីដែលសកម្មបំផុតក្នុងអាជីពសិល្បៈ ផ្ទុយពីតារាស្រីផ្សេងៗដែលគ្រាន់តែដឹងថាខ្លួនមានផ្ទៃពោះហើយផ្អាកការងារចោលទាំងស្រុង។ ថ្មីៗនេះ Son Ye Jin ក៏បានទទួលថតបង្ហាញម៉ូដឱ្យទស្សនាវដ្ដី «LUXURY» បង្អួតសម្រស់ជាអ្នកម្ដាយថ្មីថ្មោងទាក់ទាញណាស់។
ជាការពិតណាស់ កន្លងមក Honey Lee និង Son Ye Jin ត្រូវបានក្រុមអ្នកគាំទ្ររបស់ពួកគេសម្តែងការស្ងើចសរសើរយ៉ាងខ្លាំង ចំពោះភាពអត់ធ្មត់លះបង់គ្រប់កាលៈទេសៈក្នុងការបំពេញការងារ។ ថ្វីដ្បិតថាពួកគេពពោះកូនក្នុងផ្ទៃពោះក៏ដោយ ប៉ុន្តែភាពទទួលខុសត្រូវទាំងតួនាទីជាម្ដាយ និងការងាររបស់តារាទាំងពីរ នៅតែដំណើរការយ៉ាងល្អប្រសើរ៕