ទិដ្ឋភាពដង្ហែ «ព្រះអគ្គីជ័យកីឡា» នៅទីម័រខាងកើត ដែលចូលរួមផ្ទាល់ពីប្រធានាធិបតីផ្ទាល់ និង អត្តពលិក ៨០០ នាក់
គិតត្រឹមថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ នេះពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បានចាប់ផ្តើមនៅក្នុងទីក្រុងឌីលី ប្រទេសទីម័រខាងកើត ដោយមានការចូលរួមរត់ដង្ហែពីសំណាក់ប្រធានាធិបតីទីម័រខាងកើតគឺ លោក José Ramos-Horta ផ្ទាល់រួមជាមួយអត្តពលិក ៨០០ នាក់ផ្សេងទៀត។
ជាមួយគ្នានេះដែរ ក្រោមការដឹកនាំរបស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាបេសកជនពិសេស CAMSOC ពិធីដង្ហែភ្លើងគប់នៅក្រុងឌីលី នេះមានការចូលរួមពីសំណាក់លោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ជាអ្នកកាន់ភ្លើងគប់នាំមុខក្បួន និង មានលោក Francisco Kalbuadi Lay ប្រធានគណៈកម្មាធិការជាតិអូឡាំពិកទីម័រខាងកើត រួមជាមួយអត្តពលិកទីម័រខាងកើតប្រមាណ ៨០០ នាក់ទៀត។
គួរដឹងដែរថា ប្រទេសទីម័រខាងកើត គឺជាប្រទេសទី ៤ ហើយ ដែលបានទទួលធ្វើពិធីរត់ដង្ហែភ្លើងគប់ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី វៀតណាម និង ហ្វីលីពីន ដែលជាប្រទេសក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ ដែលនឹងត្រូវចូលរួមប្រកួតស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដោយកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។
បន្ទាប់ពីចេញពីប្រទេសទីម័រខាងកើត ភ្លើងគប់ ឬ ព្រះអគ្គីជ័យកីឡា នេះនឹងត្រូវបន្តដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី និង ជាប្រទេសទី ៥ ដែលត្រូវដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣៕
ប្រភព និង រូបភាពដោយ ៖ Cambodia 2023