ក្រោយ WMO ថៃ ប្រកាសដកខ្សែក្រវ៉ាត់ និង មិនឱ្យលុយ ពេលនេះថ្នាក់ដឹកនាំជាតិសំខាន់ៗបានឧបត្ថម្ភប្រាក់ Thiago បន្តបន្ទាប់
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នមួយថៃ ពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title ដោយមិនឱ្យលុយថ្លៃប្រកួត និង បានហាមឃាត់លោកពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង WMO ក្រោយពីការប្រកួតកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ដែលលោកបានប្រកួតតំណាងឱ្យ «គុនខ្មែរ» នៅសង្វៀន Apex Fight Series របស់ប្រទេសអាល្លឺម៉ង់ និង បានទទួលជ័យជម្នះខ្សែក្រវ៉ាត់ WMO ពីការប្រកួតនោះ។
ពាក់ព័ន្ធជាមួយនឹងបញ្ហាមិនឱ្យលុយដល់កីឡាករប្រដាល់ Thiago នេះដែរ មានមហាជនជាច្រើនបានបង្ហាញការខឹងសម្បាមិនពេញចិត្តចំពោះ WMO ដែលធ្វើបែបនេះចំពោះកីឡាករប្រដាល់តំណាងឱ្យកម្ពុជា។ ដោយឡែក នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ នេះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសឱ្យពលរដ្ឋខ្មែរជួយផ្ដល់ជាលុយទៅកាន់កីឡាករប្រដាល់ Thiago Teixeira ផង ដោយឯកឧត្ដមផ្ទាល់បានឧបត្ថម្ភជាប្រាក់ចំនួន ១០០០ ដុល្លារដល់កីឡាកររូបនោះ។
ជាមួយគ្នានេះដែរ ក្នុងថ្ងៃដដែល ឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ ដុល្លារ ជូនដល់កីឡាករ Thiago ដោយលោកបានបញ្ជាក់បន្ថែមថា ៖ «លោកពិតជាសោកស្ដាយ និង អាណិតយ៉ាងខ្លាំង ដែលកីឡាករ Thiago មិនទទួលបានថវិការសម្រាប់ការប្រកួតចុងក្រោយ»។
ទន្ទឹមនឹងនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏បានប្រកាសផ្ដល់ថវិកាចំនួន ១០០០ ដុល្លារ ដល់កីឡាករប្រដាល់ប្រស៊ីល Thiago Teixeira ដែរ ដើម្បីលើកទឹកចិត្តចំពោះកីឡាកររូបនេះ ដែលបានជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និង អន្តរជាតិ។
អ្វីដែលពិសេស សម្តេច ហុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់ជូន Thiago ចំនួន ២០ ០០០ ដុល្លារ និង ថែមទាំងមានបំណងស្នើព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរដល់ Thiago ថែមទៀតផង៕