កម្ពុជា ត្រៀម ៣ ពាន់កន្លែងសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលចង់ចូលមើលផ្ទាល់ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានលើកឡើងថា កម្ពុជា បានត្រៀមកន្លែងចំនួន ៣ ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ហើយមានបំណងចង់មកទស្សនាដោយផ្ទាល់ពិធីបើក និង បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ដែលការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
បើតាមការលើកឡើងរបស់ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា៖ «ចំពោះពិធីបើក-បិទ បងប្អូន ដែលនៅក្រៅប្រទេសក៏អាចមកទស្សនាបានដែរ ប៉ុន្តែដល់ថ្ងៃទី ២៤ ខែមេសា ទើបយើងបើកឱ្យចូលវេបសាយបាន។ អ៊ីចឹងបងប្អូននៅក្រៅប្រទេសគ្រាន់តែ Apply តាមអនឡាញមក ហើយមកឆែកយកសំបុត្រនៅមុខពហុកីឡដ្ឋានមរតកតេជោចាប់ពីថ្ងៃទី ២៤ តទៅ ឬអាចពឹងអ្នកនៅផ្ទាល់ឱ្យមកយកសំបុត្រនៅខាងមុខពហុកីឡដ្ឋានបាន ដោយគ្រាន់តែបង្ហាញលិខិតឆ្លងដែនតាមរយៈអ្នកមកយកជាការស្រេច»។
មិនតែប៉ុណ្ណោះ ឯកឧត្ដមបានសង្កត់យ៉ាងធ្ងន់ទៀតថា ៖ «បើអត់មានបងប្អូននៅខ្មែរទេ ពេលមកដល់បង្ហាញលិខិតឆ្លងដែនមកថា សម្រាកនៅណានោះនឹងបានសំបុត្រហើយ។ អ៊ីចឹងយើងត្រៀម ៣,០០០កន្លែង សម្រាប់បងប្អូនដែលរស់នៅក្រៅប្រទេស ហើយចង់មកទស្សនាពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជា»។
គួរបញ្ជាក់ដែរថា ការមកទទួលសំបុត្រនឹងបើកចាប់ពីម៉ោង ៨:៣០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់ ហើយចាប់ពីម៉ោង ២:៣០ នាទីដល់ម៉ោង ៥:៣០ នាទីល្ងាច។ លើសពីនេះទៅទៀត ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេមអាចនឹងមានប្រជាពលរដ្ឋមកពីគ្រប់បណ្ដាខេត្តទូទាំងប្រទេស ដោយកំណត់ចំនួនសរុប ទាំងភ្ញៀវជាតិ និង អន្តរជាតិត្រឹមចំនួន ៦០ ០០០ នាក់ប៉ុណ្ណោះ ដែលបើកឱ្យចូលទស្សនាផ្ទាល់៕
ប្រភព ៖ Cambodia 2023