រកផ្លូវវាងឱ្យហើយទៅ! ថ្ងៃបើក និង បិទ កីឡាស៊ីហ្គេម មហាវិថីឈ្នះ ឈ្នះ នឹងត្រូវផ្អាកធ្វើចរាចរបណ្ដោះអាសន្ន
នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងស្ដីពីការផ្អាកចរាចរជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ ៦ នៅថ្ងៃទី ៥ និង ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ នឹងរៀបចំពិធីបើក និង ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ ព្រមទាំងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ ៦ ។
ដោយឡែក ចំពោះតម្រាយផ្លូវ និង មហាវិថីដែលគណៈប្រតិភូ និង កីឡាករត្រូវធ្វើដំណើរឆ្លងកាត់ដូចជា កំណាត់ផ្លូវជាតិលេខ ៦ (ចាប់ពីរង្វង់មូលព្រហ្មមុខបួន រហូតដល់ព្រំប្រទល់រាជធានីភ្នំពេញ) កំណាត់មហាវិថីឈ្នះ ឈ្នះ (ចាប់ពីផ្លូវជាតិលេខ ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ) និង កំណាត់មហាវិថីមិត្តភាពភ្នំពេញ ហាណូយ (ចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្ស៊ី) គឺមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និង រថយន្តកុងតឺន័រធ្វើចរាចរចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ ដោយ អនុគ្រោះ។ ហើយផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕
ប្រភព និង រូបភាពដោយ ៖ រដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌជ្រោយចង្វារ