ជោគជ័យហើយ! ជំនួបពូល A ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះ ក្រុមជម្រើសជាតិទីម័រខាងកើត ៤ ទល់ ០
នារាត្រីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ នេះ ក្នុងជំនួបពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ លើវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះជាមួយ ក្រុមជម្រើសជាតិទីម័រខាងកើត បានបញ្ចប់ការប្រកួតហើយ ដោយលទ្ធផល កម្ពុជា ឈ្នះ ទីម័រខាងកើត ៤ ទល់នឹង ០។
ក្នុងជំនួបលើកដំបូងនេះ នៅតង់ទី ១ កម្ពុជា បានបំប៉ោងសំណាញ់ទីរបស់ក្រុមជម្រើសជាតិ ទីម័រខាងកើត ចំនួន ២ គ្រាប់ ដោយគ្រាប់ទី ១ រកបានដោយកីឡាករ Chou Sinti នៅនាទី ទី ៣៨ និង គ្រាប់ទី ២ រកបានដោយកីឡាករ Chou Sinti ដដែល នៅនាទី ទី ៤២+២។ ចំណែកនៅតង់ទី ២ កម្ពុជា បានបន្តមានប្រៀបលើទីម័រខាងកើតដដែល ដោយរកបាន ២ គ្រាប់ទៀត ពោលគឺនៅនាទី ទី ៧២ រកបានដោយកីឡាករ Sor Rotana និង នៅនាទី ទី ៨២ រកបានដោយកីឡាករ Lim Pisoth។
ជ័យជម្នះនេះ បានធ្វើឱ្យមហាជនខ្មែរអ្នកស្នេហាវិស័យកីឡាបាល់ទាត់មានចិត្តរំភើបសប្បាយរីករាយយ៉ាងខ្លាំង ដោយបានចូលរួមអបអរសាទរយ៉ាងកងរំពងពេញកីឡដ្ឋានជាតិអូឡាំពិក ហើយជាមួយគ្នានោះដែរមហាជនដែលមិនបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន ក៏បានអបអរសាទរព្រោងព្រាតតាមបណ្តាញសង្គមនានាផងដែរ មានទាំងហ្វេសប៊ុក និង Tiktok៕