កីឡាករហែលទឹកកម្ពុជា ៣ រូប សង្ហាខ្លាំង កំពុងផ្ទុះការចាប់អារម្មណ៍ ពេលវិលចូលប្រទេសដើម្បីដណ្ដើមមេដាយជូនជាតិ
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នឹងបើកជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ នៅឯពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ជាមួយនឹងប្រភេទកីឡាប្រកួតចំនួន ៣៧ ប្រភេទ។
យ៉ាងណាមិញ កៀកជិតដល់ថ្ងៃប្រកួតនេះ គេសង្កេតឃើញកីឡាករជម្រើសជាតិកម្ពុជាមកពីគ្រប់ប្រភេទកីឡាទាំងអស់ ពិតជាបានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ដើម្បីប្រកួតជាមួយនឹងជម្រើសជាតិទាំង ១០ ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ានដើម្បីដណ្តើមយកមេដាយជូនប្រទេសជាតិ។
អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ កីឡាករជម្រើសជាតិរបស់ខ្មែរយើង មិនត្រឹមតែបានហ្វឹកហាត់នៅក្នុងស្រុកតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏មានកីឡាករមួយចំនួនផ្សេងទៀតបានចេញទៅហ្វឹកហាត់នៅឯក្រៅប្រទេសថែមទៀតផង ដើម្បីទៅសិក្សាស្វែងយល់បន្ថែម ព្រមទាំងទទួលយកបទពិសោធថ្មីៗពីមជ្ឈដ្ឋានខាងក្រៅ។
ជាក់ស្ដែង បន្ទាប់ពីកីឡាករជម្រើសជាតិខ្មែរជាច្រើននាក់បាននាំគ្នាវិលត្រឡប់មកមាតុប្រទេសវិញ សម្រាប់ការប្រកួតស៊ីហ្គេមលើកនេះ កំលោះៗសង្ហាដែលជាកីឡាករហែលទឹកចំនួន ៣ រូប បានធ្វើឱ្យមហាជនខ្មែរអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើសមត្ថភាព កាយសម្បទាមាំមួន សាច់ដុំកង់ៗមុខមាត់ស្រស់ស្អាត ព្រមទាំងរូបរាងដ៏ទាក់ទាញរបស់ពួកគេទាំងនោះ។ ដោយកីឡាករជម្រើសជាតិទាំង ៣ នោះមានដូចជា ៖
១. កីឡាករ សុវណ្ណ (Sovann Montross) ដែលជាកូនកាត់ខ្មែរអាមេរិក បានទៅហ្វឹកហាត់នៅខេត្តភូកេត ប្រទេសថៃ
២. កីឡាករ ពេជ្ជរ៉ា (Bunna Pov Pichra) បានទៅហ្វឹកហាត់នៅប្រទេសចិន
៣. កីឡាករ អ៊ួង លីហេង បានទៅហ្វឹកហាត់នៅប្រទេសចិន