ស្ទើរមិនគួរឱ្យជឿ! បុរសដែលកាន់ភ្លើងគប់កាលពីឆ្នាំ ១៩៦៦ ពេលនេះបានកាន់ជាថ្មី ក្នុងវ័យ ៧៤ ឆ្នាំ
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ នេះ បានសម្ដែងក្ដីភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿ ក្រោយពីបានជ្រាបករណីលោកតាមួយរូបបានកាន់ភ្លើងគប់ជាថ្មី ក្រោយលោកធ្លាប់ជាកីឡាករ និង ធ្លាប់បានកាន់ភ្លើងគប់កាលពីឆ្នាំ ១៩៦៦ កន្លងទៅ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីបុរសដែលជាកូនផ្ទាល់បានបង្ហោះបញ្ជាក់ដូច្នេះថា ឪពុករបស់លោកឈ្មោះ គង់ ធាវត្ថា បានកាន់គប់ភ្លើងកីឡាស៊ីហ្គេមលើកទី ៣២ ខណៈគាត់ធ្លាប់ជាអតីតកីឡាហ្កានេហ្វូ កាលឆ្នាំ ១៩៦៦ ជាកីឡាករកាន់ភ្លើងគប់រត់ចេញពីមុខប្រាសាទអង្គរវត្ត មកកសិណទឹកអង្គរវត្ត។
កន្លងផុតទៅអស់រយៈពេលរាប់សិបឆ្នាំ មកទល់ព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក គង់ ធាវត្ថា បានកាន់ភ្លើងគុបនេះម្តងទៀតបន្តពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ នេះជារឿងដែលស្ទើរតែមិនគួរឱ្យជឿ ដែលពេលនេះគាត់មានវត្តមានឈរទទួលអគ្គិជ័យដោយក្តីរីករាយម្តងទៀត ក្នុងអាយុ ៧៤ ឆ្នាំ៕