ក្ដៅៗ! លោកបណ្ឌិត វង់ សុធារ៉ា លើកឡើងថាការសរសេរតុបតែងព្យញ្ជនៈ «ម» និង «រ» ផ្កាប់ចុះក្រោម ជាការប្រមាថអក្សរសាស្ត្រខ្មែរ
មហាជនអ្នកគាំទ្រតារាចម្រៀង ជី ដេវីត ច្បាស់ជាបានជ្រាបហើយថា ក្រោយពីបានបញ្ចេញបទចម្រៀងថ្មីចំណងជើងថា «មហានគរ» កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ លោកទទួលបានការសរសើរគាំទ្រយ៉ាងខ្លាំង ដោយបទចម្រៀងថ្មីនេះមិនត្រឹមតែរៀបរាប់អត្ថន័យយ៉ាងមានន័យនោះទេ បើស្តាប់ទៅលើសាច់ភ្លេងវិញក៏ទាក់ចិត្តខ្លាំង ប៉ុន្ដែស្របពេលទទួលបានការគាំទ្រនោះ បទចម្រៀងមួយបទនេះ ក៏ផ្ទុះការវែកញែកជាខ្លាំងផងដែរ ចំពោះការសរសេរអក្សរ និង ការស្លៀកសំលៀកបំពាក់អ្នកចម្បាំងរបស់លោក។ ក្រោយពីមានការវែកញែកហើយនោះ នៅយប់ថ្ងៃដដែល លោក ជី ដេវីត ក៏បានចេញមកបង្ហោះសារបកស្រាយយ៉ាងច្បាស់ហើយ ថាតួអក្សរនោះ គឺជាការឌីហ្សាញថ្មី ដើម្បី inspire ទម្រង់ចាស់ និង បានទទួលយកការរិះគន់ក្នុងន័យស្ថាបនាផងដែរ។
យ៉ាងណាមិញ អ្វីដែលកាន់តែចាប់អារម្មណ៍ នៅមុននេះបន្ដិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហោះសាររៀបរាប់ និង ពន្យល់ពីការប្រើប្រាស់ពាក្យមួយចំនួន ដើម្បីកុំឱ្យមានការភាន់ច្រឡំបន្ដចំពោះអក្សរសាស្ដ្រខ្មែរ។ ក្នុងនោះ លោកបណ្ឌិតបានរៀបរាប់យ៉ាងមានន័យដូច្នេះថា៖ «នៅសម័យអង្គរ ខ្ញុំមិនដែលឃើញដូនតាហៅថា «មហានគរ»ទាល់តែសោះ។ សិលាចារឹកសរសេរត្រឹម «នគរឝ្រីយឝោធរបវ៌្វត» ឬ «នគរឝ្រីយឝោធរបុរ»។ មកដល់ចុងសតវត្សរ៍ទី១៥ គេហៅអតីតរាជធានី ស្រីយសោធរបុរ នេះថា «ព្រះនគរ» ។ សិលាចារឹកសតវត្សរ៍ទី១៦ ឆ្នាំ១៥៧៩ ទើបឃើញគេហៅថា «មហានគរឥន្ទ្រប្រឞ្ដ/មហានគរឥន្ទ្រប្រស្ដ» ដែលក្រោយមកត្រូវគេហៅរេលថា «មហានគរឥន្ទ្រប្រាស», «ឥន្ទិបថមហានគរ» ឬ «មហានគរឥន្ទបទ» ….។ ចំណែកអ្នកខំសរសេរឈ្មោះនេះដោយអក្សរសតវត្សរ៍ទី៩ គ្រាន់ជាការខំប្រឌិត។ ចំណែកអ្នកតុបតែងផ្សាយម៉ូតសម្លៀកអ្នកចម្បាំងបុរាណ និងសរសេរអក្សរដែលចង់ថា មហានគរ នោះទៀត រឹតតែ ប្រមាថអក្សរសាស្ត្រខ្មែរទៅទៀត។