គ្រាប់ពេជ្រជឺជិតស៊ូកម្ពុជា ខាន់ ចេសា បង្ហោះសារយ៉ាងរំជួលចិត្តខ្លីមួយលើ IG ក្រោយឈ្នះមេដាយប្រាក់
កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ វិញ្ញាសាជឺជិតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ បានចាប់ផ្ដើមបើកការប្រកួតជាលើកដំបូង នៅទីតាំង OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងវិញ្ញាសាប្រកួតកីឡូជឺជិតស៊ូនារីក្រោម ៥២ គីឡូក្រាម កីឡាការិនី ខាន់ ចេសា ដែលតំណាងកម្ពុជា ចូលរួមប្រកួតហាក់ធ្វើបានល្អជាខ្លាំង និង ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនទូទាំងប្រទេស ក្រោយនាងអាចផ្ដួលគូប្រកួតមកពី ៣ ប្រទេស ថៃ វៀតណាម និង សិង្ហបុរី ឱ្យចុះចាញ់ ហើយដណ្ដើមបានមេដាយប្រាក់ ចំណែកឯមេដាយមាសបានទៅលើកីឡាការិនីមកពីហ្វីលីពីន។
យ៉ាងណាមិញ ក្រោយចប់ការប្រកួត ខាន់ ចេសា ក៏បានបើកបង្ហាញអារម្មណ៍ខ្លួនជាលើកដំបូងនៅក្នុងគណនី Instagram របស់ខ្លួនថា ៖ «មេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣! ខ្ញុំបានចូលរួម ៤ ប្រកួត ហើយបានផ្ដួលគូប្រកួតចំនួន ៣។ គោលបំណងរបស់ខ្ញុំគឺចង់ដណ្ដើមមេដាយមាស ប៉ុន្ដែនៅក្នុងវិញ្ញាសាជឺជិតស៊ូ គ្រប់យ៉ាងមិនអាចរលូនដូចការគិតទុកទេ ប៉ុន្ដែខ្ញុំនៅតែរឹងមាំដើរទៅមុខ។ ខ្ញុំបានចូលប្រកួត ហើយខ្ញុំមានអារម្មណ៍ល្អជាខ្លាំង។ ខ្ញុំសុំអរគុណចំពោះការគាំទ្រពីបងប្អូនគ្រប់គ្នាមិនថាខ្ញុំឈ្នះ ឬ ចាញ់ ហើយកម្លាំងចិត្តទាំងនេះមានន័យសម្រាប់ខ្ញុំជាងមេដាយទៅទៀត។ សុំអរគុណដល់អ្នកគ្រប់គ្នាដែលជួយជ្រំជ្រែង និង ជួយខ្ញុំរហូតមក។ យ៉ាងណាមិញ ខ្ញុំនៅមានការប្រកួតមួយទៀតនៅថ្ងៃអាទិត្យនេះ ខ្ញុំពិតជារំភើបណាស់។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះ! ចង់ប្រាប់ថាកម្ពុជា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា! ខ្ញុំសង្ឃឹមថាអ្នកនឹងពេញចិត្តវីដេអូមួយនេះ»៕