មិនបានប្រកួតលើឆាកស៊ីហ្គេម! ធឿន ធារ៉ា ធ្វើឱ្យអ្នកគាំទ្រសរសើរក្រោយបង្ហាញការច្រៀងបទ «ប្រទេសតូចបេះដូងធំ»
ស្របពេលកម្មវិធីនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កំពុងបន្តដំណើរការយ៉ាងអស្ចារ្យនៅក្នុងពហុកីឡាដ្ឋានមរតកតេជោនោះ មកដល់វគ្គនៃការចេញសម្តែងរបស់ក្រុមតារាចម្រៀងផលិតកម្មថោន ក៏បានធ្វើឱ្យសំឡេងហ៊ោកងរំពងកាន់តែកើតមានឡើងផងដែរ។
ក្នុងនោះ ការសម្តែងចម្រៀងនោះដែរ មិនត្រឹមតែមានវត្តមានរបស់តារាចម្រៀងប្រចាំផលិតកម្មថោននោះទេ ពោលគឺមានកីឡាករអ្នកលេងពូថៅដៃគុនខ្មែរ ធឿន ធារ៉ា ចេញមកបកស្រាយចម្រៀងនោះដែរ។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកីឡាករគុនខ្មែរ ធឿន ធារ៉ា រំភើបចិត្តនោះ គឺក្រោយពីរងរបួសដៃ និង មិនបានចូលរួមប្រកួតលើឆាកស៊ីហ្គេមក៏ពិតមែន ប៉ុន្តែ ធឿន ធារ៉ា បានបង្ហាញវត្តមានយ៉ាងមោទកភាពស្រែកច្រៀងបទចម្រៀងបង្ហាញពីទំហំបេះដូងដ៏ធំធេងរបស់ប្រទេសកម្ពុជាក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះដែរ៕