សុខ រ៉ាស៊ី ប្រកាសសុំចែកតុក្កតាដែលកីឡាករថៃបោះចោលថ្ងៃមុន ក្នុងតម្លៃ ២ លានរៀល
សកម្មភាពបោះតុក្កតា និង មេដាយប្រាក់ចោល ដែលកីឡាករបាល់ទាត់ថៃម្នាក់ បានគប់ចោលទៅកាន់កន្លែងអ្នកទស្សនានៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ បានផ្ទុះកក្រើកពេញបណ្ដាញសង្គមផ្សព្វផ្សាយខ្មែរ និង ថៃ ដោយមានមហាជនជាច្រើននាំគ្នាបង្ហាញមតិមិនសប្បាយចិត្តជាខ្លាំងនូវទង្វើអសីលធម៌របស់កីឡាករបាល់ទាត់រូបនោះ។
ក្រោយកីឡាករថៃបោះចោលតុក្តតា និង មេដាយប្រាក់ចោល ក៏មានអ្នកទស្សនាជនជាតិខ្មែរម្នាក់ បានរើសតុក្កតានោះ ហើយយកទុកជាអនុស្សាវរីយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ។
ដោយឡែកស្រាប់តែចប់ពិធីបិទស៊ីហ្គេមភ្លាម នៅរសៀលថ្ងៃទី ១៨ ខែឧសភា នេះ ពិធីករ សុខ រ៉ាស៊ី បានប្រកាសសុំចែកតុក្កតានោះ ដោយតបស្នងវិញក្នុងទឹកប្រាក់ចំនួន ២ លានរៀល។
លោក សុខ រ៉ាស៊ី បានរៀបរាប់នៅលើហ្វេសប៊ុកថា ៖ «បើបងប្រុសបានឃើញ ប្អូនសុំចែក តុក្កតានេះវិញ ជាកាដូជូនប្អូនវិញ ក្នុងតម្លៃ ២ លានរៀល (សុំមិនប្រើពាក្យទិញ) តុក្កតានេះពិតជាមានតម្លៃណាស់ សម្រាប់ជាតិខ្ញុំ ព្រោះជាលើកទីមួយនៃប្រវត្តិសាស្រ្តកម្ពុជា អាចមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះ SEAGAMES ខ្ញុំត្រូវបង្ហោះសារនេះ តាំងពីម្សិលមិញ តែខ្ញុំតាំងចិត្តធ្វើជាម្ចាស់ផ្ទះល្អ ចិត្តត្រជាក់ ទទួលភ្ញៀវគ្រប់ប្រទេស មិនប្រកាន់ពូជសាសន៍ ឥលូវវាបានបញ្ចប់ដោយរលូនហើយ កម្ពុជាជាម្ចាស់ផ្ទះល្អ ល្បីរន្ទឺពេញសកលលោក! សុខ រ៉ាស៊ី»៕