ក្ដៅៗ! សហព័ន្ធកីឡាអាស៊ី AFC ពិចារណាការដាក់ពិន័យលើជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ក្រោយផ្ទុះរឿងលើទីលានស៊ីហ្គេម
ក្រោយផ្ទុះរឿងចម្រូងចម្រាសពេញទីលានប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី អំឡុងពេលប្រកួតដណ្ដើមមេដាយមាស វគ្គផ្ដាច់ព្រ័ត្រវិញ្ញាសា កីឡាបាល់ទាត់បុរសក្រោមអាយុ ២២ ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ពេលនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានចេញមុខលូកដៃហើយ។
ដោយ AFC បានចេញប្រកាសថា៖ «AFC ពិតជាមានការខកចិត្តជាខ្លាំង នឹងភាពចលាចលអំឡុងពេលប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម។ ពួកយើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការលេងកីឡា ដោយផ្អែកលើការលេងដោយយុត្តិធម៌ គោរពគ្នាទៅវិញទៅមក មិនមែនការលេងកីឡាដោយប្រើហិង្សាមិនចេះអត់ឱនគ្នាបែបនេះឡើយ»។
«យ៉ាងណាមិញ គឺគ្មានការរឹបអូសយកមេដាយមកវិញនោះទេ តែកីឡាករ គ្រូបង្វឹក និងក្រុមការងារដែលបានចូលពាក់ព័ន្ធក្នុងករណីវាយតប់គ្នាលើទីលាននេះ នឹងត្រូវពិន័យ ឬក៏ហាមប្រាមពីការប្រកួតតាមការពិនិត្យឃើញកំហុសជាក់ស្ដែង»៕
ប្រភព៖ Thairath & VN Express