កីឡាករហែលទឹក ពេជ្ជរ៉ា ប្រាប់យុទ្ធសាស្ដ្រល្អមួយ សម្រាប់ប៉ាម៉ាក់ដែលចង់ឱ្យកូនចូលប្រកួតស៊ីហ្គេម
ដោយយោងតាមប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃបិទព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៧ ខែឧសភា កន្លងទៅ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ សម្ដេចបានបញ្ជាក់ថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមជាថ្មីម្ដងទៀតនៅ ២០ ឆ្នាំខាងមុខទៀត ពោលគឺនៅឆ្នាំ ២០៤៣។
ជាមួយគ្នានោះ បន្ទាប់ពីព្រឹត្តការណ៍ស៊ីហ្គេមបានបិទចប់សព្វគ្រប់ហើយ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ អត្តពលិកជម្រើសជាតិកម្ពុជា ផ្នែកខាងកីឡាហែលទឹក ពៅ ពេជ្ជរ៉ា បានបង្ហោះសារយ៉ាងមានអត្ថន័យ សម្រាប់អ្នកដែលមានបំណងចង់ឱ្យបុត្រធីតា ឬ ប្អូនៗជំនាន់ក្រោយដែលមានបំណងចង់ក្លាយជាអត្តពលិកជម្រើសជាតិតំណាងប្រទេសកម្ពុជា សម្រាប់ស៊ីហ្គេមខាងមុខៗទៀត។
ដោយនៅក្នុងសារទាំងនោះ ពេជ្ជរ៉ា បានរៀបរាប់ថា ៖ «ស៊ីហ្គេមចប់ហើយ បងប្អូនក៏ដឹងថា ២០ ឆ្នាំក្រោយ យើងនឹងធ្វើជាម្ចាស់ផ្ទះម្ដងទៀតនៅឆ្នាំ ២០៤៣ ដូចនេះបងៗពូមីងដែលមានកូនតូចៗអាយុប្រហែល ៥ ឬ ៦ ឆ្នាំគួរចាប់ផ្ដើមលេងកីឡាពីពេលនេះតទៅ»។
មិនតែប៉ុណ្ណោះលោកក៏បានលើកឡើងកីឡា ២ ប្រភេទដែលជាកីឡាស្នូលដែរថា ៖ «បើកូនបងៗពូមីងនៅតូច មិនទាន់ដឹងថាឱ្យហ្វឹកហាត់កីឡាអ្វី ខ្ញុំបាទសូមណែនាំកីឡា ២ ប្រភេទគឺ កីឡារត់ប្រណាំង និង កីឡាហែលទឹក។ កីឡាពីរប្រភេទនេះ ជាកីឡាស្នូល ងាយស្រួលផ្លាស់ប្ដូរទៅកីឡាផ្សេង និង មិនប្រឈមនឹងគ្រោះថ្នាក់។ នៅពេលគាត់ធំបន្ដិចអាចឱ្យគាត់ទៅហ្វឹកហាត់កីឡាដែលគាត់ស្រឡាញ់ចុះ»។
លោកក៏បានបន្តទៀតថា ៖ «ខ្ញុំបាទគ្រាន់តែចែកជាគំនិតរយៈពេលវែងឆ្ងាយ ដូចនេះនៅឆ្នាំ ២០៤៣ យើងនឹងមានធនធាន និងកីឡាករកីឡាការិនីក្មេងៗ យ៉ាងសម្បូរបែប សូមអរគុណ»៕