ប្រធានសមាគម Kickboxing ថៃពោលឡើងដូច្នេះ ក្រោយកីឡាករខ្លួនមិនឈ្នះមេដាយមាសតាមការប៉ង
បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ ក្រុមអត្តពលិក Kickboxing ថៃ បានវិលត្រឡប់ទៅមាតុភូមិវិញ ដោយមានការទទួលជាការជប់លៀងហូបអាហារពេលល្ងាចជុំគ្នា យ៉ាងសប្បាយរីករាយ បើទោះបីជាមិនបានសម្រេចដូចការប៉ងទុកក៏ដោយ។
ក្រុមអត្តពលិក Kickboxing ថៃនេះ គឺជាកូនសិស្សរបស់អ្នកប្រដាល់ថៃ Buakaw ដោយមុនពេលមកប្រកួតខ្លួនបានប្រកាសប្ដេជ្ញាដណ្ដើមមេដាយមាសចំនួន ៦ ឱ្យបាន តែជាលទ្ធផលគឺបានមេដាយប្រាក់ចំនួន ៣ និង សំរឹទ្ធ ៦ តែប៉ុណ្ណោះ។
យ៉ាងណាមិញឧត្តមសេនីយ៍ Kukiat Srinakha ប្រធានសមាគមប្រដាល់ដៃ បានចេញមុខលើកឡើងថា ៖ «ខ្ញុំពេញចិត្តនឹងការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករថៃ បើទោះបីជាមិនបានសម្រេចតាមគោលដៃកំណត់ ដោយយើងមើលឃើញថាមកពីកត្តាផ្សេងៗគ្នា តែយើងចាត់ទុកថាវាជាបទពិសោធ និង ជាមេរៀនសំខាន់មួយ ដែលត្រូវនាំយកមកវិញដើម្បីកែលម្អ និង អភិវឌ្ឍន៍វបន្ដែមទៀត។ យើងលើកទឹកចិត្តឱ្យអត្តពលិកយើង កុំខ្វល់ខ្វាយពីរឿងដ្រាម៉ារិះគន់នៅលើបណ្ដាញសង្គម ដោយយកពេលផ្ដោតលើការអភិវឌ្ឍន៍ខ្លួនសម្រាប់ទៅប្រកួតកីឡាសំខាន់ៗបន្ទាប់ទៀតវិញ ជាពិសេសព្រឹត្តិការណ៍កីឡា Asian Indoor and Martial Arts Games ឆ្នាំ ២០២៣ ដែលថៃជាអ្នករៀបចំ នាពេលខាងមុខនេះ»៕