យប់នេះឡើងយន្តហោះត្រឡប់ទៅកូរ៉េវិញ កីឡាការិនី ស្រួង ភាវី ពោលលាជាតិមាតុភូមិ យ៉ាងអាឡោះអាល័យ
កីឡាការិនី ស្រួង ភាវី មានទឹកដីកំណើតជាអ្នកខេត្តត្បូងឃ្មុំ និង បានទៅរស់នៅប្រទេសកូរ៉េជាមួយនឹងស្វាមីសញ្ជាតិកូរ៉េ ដោយមានសមត្ថភាពខ្ពស់ ផ្នែកកីឡាស្នុកឃ័រ នឹងបានមកប្រទេសកម្ពុជាដើម្បីតំណាងជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ជាក់ស្ដែង ក្រោយប្រកួតចប់សព្វគ្រប់សម្រាប់វិញ្ញាសារក្នុងប្រភេទកីឡាស្នុកឃ័រនេះ អ្នកស្រី ស្រួង ភាវី យកបានមេដាយជូនជាតិមាតុភូមិចំនួន ២ គ្រឿង គឺមេដាយមាសប៊ីយែការ៉ុម ៣ បាំង ១ គ្រឿង និង មេដាយសំរិទ្ធ ប៊ីយែការ៉ុម ១ បាំង ១ គ្រឿង។
យ៉ាងណាមិញ បន្ទាប់ពីខិតខំប្រឹងប្រែងដើម្បីយកសមិទ្ធផលល្អជូនជាតិមាតុភូមិហើយ នៅយប់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ កីឡាការិនី ស្រួង ភាវី នឹងត្រឡប់ទៅប្រទេសកូរ៉េវិញហើយ ព្រមទាំងបង្ហោះរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹក ភ្ជាប់ជាមួយនឹងសារចូលក្នុងគណនីហ្វេសប៊ុកអ្នកស្រី លាប្រទេសកំណើតយ៉ាងស្រណោះអាឡោះអាល័យ។
ដោយក្នុងសារមួយនោះ អ្នកស្រីបានរៀបរាប់ថា ៖ «ថ្ងៃនេះខ្ញុំឡើងព្រលានយន្តហោះពេលយប់! លាហើយមាតុភូមិជាទីស្រឡាញ់របស់ខ្ញុំ ទោះខ្ញុំនៅទីណាអ្នកនៅទីនោះ។ សូមអរគុណគ្រប់យ៉ាង ដែលបានផ្ដល់ក្ដីស្រឡាញ់ដ៏មហិមារបស់របស់អ្នក ដល់អ្នកស្នេហាជាតិកីឡា ស្មារតីប្រជាជាតិកម្ពុជា។ អរគុណណាស់ប្រជាជនកម្ពុជារបស់ខ្ញុំ»៕