ថៃ ប្រកាសក្ដែងៗថាស៊ីហ្គេមលើកទី ៣៣ គុនខ្មែរនឹងត្រូវដកចេញ ហើយដាក់ Muay Thai ចូលដូចមុន
ក្រោយពីទទួលបានតំណែងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ ឆ្នាំ ២០២៥ គេសង្កេតឃើញថា ថៃបានធ្វើការស្នើសុំកែសម្រួលជាច្រើនចំណុច ដោយរួមមានការរឹតបន្ដឹងបញ្ហាអត្តពលិកចូលសញ្ជាតិ ការកាត់បន្ថយកីឡាក្នុងស្រុក ដោយឱ្យមានយ៉ាងច្រើន ៤ កីឡា ហើយងាកទៅផ្ដោតលើកីឡាបែបកម្រិតអូឡាំពិកជាដើម។
មិនត្រឹមតែប៉ុណ្ណឹង នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក Big Net ឬ លោក Chaiyapak Siriwat អនុប្រធានគណៈកម្មធិការអូឡាំពិកថៃ បានចេញប្រកាសថា៖ «ក្នុងនាមខ្ញុំជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម ចាប់ពីពេលនេះតទៅ គឺពួកយើងនឹងធ្វើកិច្ចព្រមព្រៀងរវាងថៃ ម៉ាឡេស៊ី និង សិង្ហបុរី ថាតើកីឡាប្រភេទណា ដែលគួរថែរក្សាដើម្បីឱ្យការប្រកួតស្របទៅតាមស្ដង់ដារអន្តរជាតិ ជាពិសេសដើម្បីឈានទៅដល់កម្រិតស្ដង់ដារអូឡាំពិក ហើយស័ក្ដិសមសម្រាប់កីឡាអាស៊ីតែប៉ុណ្ណោះ ដែលជាទូទៅកីឡាសរុបមានប្រហែល ៤០ ប្រភេទ។ ហើយចំពោះបញ្ហាកីឡាក្នុងស្រុក នឹងត្រូវយកមកពិភាក្សា និងចរចារគ្នាម្ដងទៀត ជាពិសេសពេលថៃជាម្ចាស់ផ្ទះថាគួរនឹងមានកីឡាអ្វីខ្លះ»។
«ហើយចំពោះបញ្ហាកីឡា Muay Thai ដែលផ្ទុះឡើងតាំងពីមុនធ្វើព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ទៀតនោះ គឺច្បាស់ណាស់ថាពេលយើងធ្វើម្ចាស់ផ្ទះលើកទី ៣៣ នឹងមិនមាន កីឡាគុនខ្មែរ ដាក់បញ្ចូលទេ ដោយយើងនឹងនាំយកមកវិញនៅកីឡា Muay Thai ដែលធ្លាប់មានតាំងពីដើមមក»៕
ប្រភព៖ Khaosod