កាន់តែធ្ងន់-ក! អស់ពីពិន័យព្យួរការងារ ៦ ខែ ពេលនេះក្លឹបកីឡាករបម្រុងលេខ ១៨ ប្រកាសកាត់ប្រាក់ខែ ២៥ % ទៀត
កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ សមាគមបាល់ទាត់ថៃ បានប្រកាសដាក់ពិន័យចំពោះអ្នកគ្រប់គ្រង គ្រូបង្វឹក និង កីឡាកររបស់ខ្លួនចំនួន ៥ នាក់ ដែលពាក់ព័ន្ធនឹងការវាយតប់គ្នាលើទីលាន អំឡុងពេលប្រកួតដណ្ដើមមេដាយមាសជាមួយឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២។
ក្នុងនោះកីឡាករបម្រុងម្នាក់ដែលពាក់អាវលេខ ១៨ ត្រូវបានសមាគមថៃដាក់ទោសដោយពិន័យព្យួរការងារ ៦ ខែ ព្រោះតែបានចូលវាយតប់លើកីឡាករឥណ្ឌូនេស៊ី។
មិនត្រឹមតែប៉ុណ្ណឹង នៅថ្ងៃទី ២៥ ខែឧសភា ក្លឹបបាល់ទាត់ប្រចាំខេត្ត Buriram ដែលជាក្លឹបរបស់កីឡាកររូបនេះផ្ទាល់ ក៏បានចេញប្រកាសថា ៖ «ខ្លួននឹងធ្វើការកាត់ប្រាក់ខែរបស់កីឡាករ Thirapak Prueangna ដែលពាក់អាវលេខ ១៨ ចំនួន ២៥ ភាគរយ ពីលើការព្យួរការងារដែលពិន័យដោយសមាគមបាល់ទាត់ថៃ។ ដោយនេះចាត់ទុកថាជាការព្រមានដល់កីឡាករដទៃទៀតក្នុងក្លឹប មូលហេតុគឺ ក្នុងនាមអ្នកជាកីឡាករ អ្នកត្រូវដឹងថារូបភាព និង កេរ្តិ៍ឈ្មោះគឺសំខាន់ណាស់ ជាពិសេសពេលដែលអ្នកតំណាងឱ្យប្រទេសជាតិថៃ ទៅប្រកួតលើទីលានអន្តរជាតិ។ បើសិនកីឡាករមិនអាចគ្រប់គ្រងខ្លួនឯងបានទេ ពួកយើងនឹងបញ្ឈប់រាល់ការទំនុកបម្រុងទាំងអស់ ឬ អាចបណ្ដេញចេញពីក្រុម»។
ស្របពេលជាមួយគ្នានោះដែរអ្នកចាំទីលោក Soponwit Rakyart ដែលទទួលបានការពិន័យព្យួរការងារ ៦ ខែ គឺមិនត្រូវបានក្លឹបបាលទាត់ខេត្ត Phrae ដែលជាក្លឹបបាល់ទាត់ខ្លួនពិន័យបន្ថែមនោះឡើយ ដោយបានលើកឡើងថា ៖ «កីឡាកររបស់ពួកគេបានទទួលទោសរួចហើយ ហើយពួកគេនៅក្មេង និង បានធ្វើការសុំទោសរួចរាល់ហើយ ហេតុដូចនេះគួរតែទុកឱកាសឱ្យដើម្បីកែខ្លួនឡើងវិញ»៕